ព័ត៌មានអន្តរជាតិ September 9, 2022

ព្រះអង្គម្ចាស់ Charles ជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្តជា ព្រះមហាក្សត្រអង់គ្លេស

Khmerpress

(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាល Charles ដែលជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រអង់គ្លេស បន្ទាប់ពីព្រះមាតាគឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ (Elizabeth II) សោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។

ព្រះអង្គម្ចាស់ ឆាល (Charles) ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសជាព្រះមហាក្សត្រជាផ្លូវការនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមានគោរមងារថា ព្រះមហាក្សត្រឆាលទី៣។ ព្រះអង្គម្ចាស់ ឆាល មានព្រះជន្ម៧៣ព្រះវស្សា នឹងក្លាយជាព្រះមហាក្សត្រដែលមានវ័យចំណាស់ជាងគេដែលនឹងបានឡើងគ្រងរាជ្យ ក្នុងប្រវត្តិសាស្ត្រអង់គ្លេសក្នុងរយៈពេលជាង ១០០០ឆ្នាំមកនេះ។

គួរបញ្ជាក់ថា ខណៈព្រះអង្គម្ចាស់ ឆាល (Charles) នឹងក្លាយជាព្រះមហាក្សត្រឆាលទី៣ រាជវង្សអង់គ្លេសក៏បានបញ្ចេញបញ្ជីព្រះនាមនៃព្រះអង្គម្ចាស់ដែលត្រូវស្នង រាជ្យបន្តក្នុងនោះរួមមាន៖ ព្រះអង្គម្ចាស់វីលៀម (Prince William) ព្រះជន្ម៤០វស្សា, ព្រះអង្គម្ចាស់ ចច ព្រះជន្ម ៩វស្សា (Prince George) ព្រះនាងម្ចាស់ ឈាឡុត ព្រះជន្ម៧វស្សា (Princess Charlotte) និងព្រះអង្គម្ចាស់ល្វីស ព្រះជន្ម ៤វស្សា (Prince Louis)៕ ផ្តល់សិទ្ធិដោយ៖ freshnews