ព័ត៌មានអន្តរជាតិ September 12, 2022

សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានករណីឆ្លងជម្ងឺអុតស្វាខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលចំនួនតួរលេខកើនឡើងជាង ២១,០០០ករណីហើយ

Khmerpress

អាមេរិក៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា (CDC) ដោយអាជ្ញាធរអាមេរិកបានបញ្ជាក់អំពី ចំនួនសរុបនៃករណីជំងឺអុតស្វាដែលមានរហូតដល់ទៅ ២១,០០០ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះ ហើយរដ្ឋដែលមានករណីឆ្លងច្រើនជាងគេគឺ រដ្ឋកាលីហ្វ័រញ៉ា មានចំនួន ៤,៣០០ករណី ហើយទី២ គឺទីក្រុងញូវយ៉ក មាន ៣,៥១៩ករណី និងទី៣រដ្ឋផ្លរីដាចំនួន ២,១៩៣ ករណី។

ចំណែកគណៈកម្មាធិការប្រតិបត្តិដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុង​ប្រឈម​នឹង​ការ​រិះគន់​ជុំវិញ​ការ​ដោះស្រាយ​ជំងឺ​នេះ ដោយរាប់បញ្ចូលទាំងការខកខានក្នុងការបញ្ជាទិញវ៉ាក់សាំងអោយបានគ្រប់គ្រាន់ ការព្យាបាលរហ័ស និងការពិនិត្យជំងឺពេញលេញ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺអុតស្វានេះ។

ខណៈពេលនេះ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានករណីជំងឺអុតស្វាច្រើនជាងគេបំផុតនៅលើពិភពលោក។ ថ្មីៗនេះដែរ សារព័ត៌មាន Bloomberg បានរាយការណ៍ថា សេតវិមានបានបរាជ័យម្តងហើយម្តងទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអុតស្វា ចាប់តាំងពីដំណើរការនៃការចាក់វ៉ាក់សាំង រហូតដល់ការទំនាក់ទំនងជាមួយប្រជាជន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត