សកម្មជនថៃមួយរូប ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ដោយសារពាក់ឈុតស្រដៀងនឹងមហេសីថៃ នៅក្នុងបាតុកម្ម ដែលគេថាទង្វើនេះ ជាការចំអក
យោងតាមការចុះផ្សាយរបស់សារពត៌មាន BBC បានឱ្យដឹងថា តុលាការរបស់ប្រទេសថៃ បានកាត់ទោសអ្នកតវ៉ាម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ដោយការស្លៀកសំលៀកបំពាក់ប្រពៃណីនៅក្នុងបាតុកម្ម ដែលជាទង្វើគេមើលឃើញថា ជាការចំអកដល់ព្រះមហាក្សត្រីរបស់ថៃ។ កាលពីថ្ងៃច័ន្ទនេះ តុលាការព្រហ្មទណ្ឌបានកាត់ទោសលោក Jatuporn Saeoueng ហៅ New ដែលទើបតែមានអាយុ ២៣ឆ្នាំ ពីបទចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដបែបចំអក នៅទីក្រុងបាងកក ក្នុងខែតុលា កាលពីឆ្នាំ២០២០ ខណៈព្រឹត្តិការណ៍នោះផ្ទាល់ គឺជាអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយមរបស់ប្រទេសថៃ។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានពេញផ្លូវក្នុងប្រទេសថៃ បន្ទាប់ពីខែកក្កដា ឆ្នាំ២០២០ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលឡើងកាន់អំណាចក្រោយដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ត្រូវតែចុះចេញពីតំណែង។ មនុស្សមួយចំនួនក៏បានរិះគន់របបរាជានិយម ចំពេលមានស្ថានភាពធ្ងន់ធ្ងរកំឡុងពេលមានវិបត្តិជំងឺរាតត្បាត COVID-19 ។ ក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្សបាននិយាយថា សកម្មជនជាង ២០០នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
