ព័ត៌មានអន្តរជាតិ September 15, 2022

តុលាការ​ធម្មនុញ្ញ​របស់ប្រទេសថៃ នឹង​សេចក្តី​សម្រេច​លើសំណុំរឿងរបស់លោក ប្រាយុទ្ធ ចាន់អូចា នៅចុងខែកញ្ញានេះ

Khmerpress

តុលាការ​ធម្មនុញ្ញ​របស់ប្រទេសថៃ បាន​ប្រកាស​នៅថ្ងៃ​ពុធនេះ​ថា ខ្លួន​នឹង​ចេញ​សេចក្តី​សម្រេច​ លើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា ​នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ខាងមុខនេះ។ តុលាការបានបើកកិច្ចប្រជុំនៅថ្ងៃពុធនេះ ដើម្បីពិចារណាលើឯកសារទាំងអស់ដែលខ្លួនទទួលបាន ហើយបានរកឃើញថា វាមានព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តក្នុងសំណុំរឿង ដែលត្រូវបានលើកឡើងដោយសមាជិកសភាបក្សប្រឆាំង។ តុលាការបានប្រកាសថា ខ្លួនមិនទាន់បញ្ចប់ដំណើរការស៊ើបសួរនោះទេ ហើយនឹងឱ្យចៅក្រមទាំង ១០ នាក់ ប្រកាសការសម្រេចរបស់ពួកគេទៅតុលាការធម្មនុញ្ញ នៅម៉ោង ៣រសៀល ថ្ងៃទី៣០ ខែកញ្ញា។​ សាលដីកាផ្លូវការរបស់តុលាការនឹងចងក្រងពី យោបល់របស់ចៅក្រមម្នាក់ៗ។

រំលឹកដែរថា តុលាការកាលពីថ្ងៃទី២៤ ខែសីហា បានព្យួរតួនាទីជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បន្ទាប់ពីខ្លួនបានទទួលយកញត្តិ ដើម្បីពិនិត្យមើលថា តើលោក ប្រាយុទ្ធ ពិតជាអស់កាលកំណត់ធ្វើជានាយករដ្ឋមន្ត្រី ដូចដែលសមាជិកសភាបក្សប្រឆាំងលើកឡើងដែរ ឬទេ។ ជាក់ស្ដែងបើគិតតាមច្បាប់រដ្ឋ​ធម្មនុញ្ញ​ គឺលោក ប្រាយុទ្ធ ត្រូវអស់សិទ្ធិជានាយករដ្ឋមន្ត្រីថៃ នៅត្រឹមថ្ងៃទី២៤ ខែសីហា នោះផ្ទាល់តែម្ដង។ នៅគម្រប់រយៈពេល ៨ឆ្នាំ នៃការកាន់អំណាចរបស់គាត់ ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ក្នុងឆ្នាំ២០១៤។ ប៉ុន្តែបើនិយាយឱ្យស្រួលយល់ទៅ គឺកាលនោះគាត់មិនបានឡើងកាន់តំណែង ដោយសារសំឡេងបោះឆ្នោតនោះទេ។

អ្នកគាំទ្ររបស់លោក ប្រាយុទ្ធ បានយល់ថា គាត់កាន់អំណាចស្របច្បាប់ចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ តរៀងមក ពោលគឺនៅពេលដែលព្រះមហាក្សត្រថៃ បានផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មី ដែលព្រាងដោយរដ្ឋាភិបាលរបបយោធារបស់លោក ប្រាយុទ្ធ។ អ្នកគាំទ្រមួយផ្នែកទៀតបានយល់ថា គាត់ចាប់ផ្ដើមកាន់តំណែងពេញលេញរាប់ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែលលោកបានឡើងកាន់តំណែងមួយអាណត្តិទៀត ក្រោមរដ្ឋធម្មនុញ្ញថ្មី។ ដូច្នេះមិនថាតុលាការជ្រើសយកឆ្នាំណាក្នុងចំណោមទាំង២ នេះ លោកប្រាយុទ្ធ នៅតែអាចបន្ដតំណែងជានាយករដ្ឋមន្ត្រីរបស់ថៃ លើកលែងតែតុលាការសម្រេចរាប់ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារថ្នាំ២០១៤៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត