Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទេសថៃព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ សម្រាប់ខេត្តចំនួន ២៤ នៅទូទាំងប្រទេស

    BY Khmerpress September 15, 2022
    ប្រទេសថៃព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ សម្រាប់ខេត្តចំនួន ២៤ នៅទូទាំងប្រទេស

    ថៃ៖ ខេត្តចំនួន ២៤ ត្រូវបានព្រមានពីទឹកជំនន់ភ្លាមៗ ទឹកជោរពីទន្លេ និង ពីប្រឡាយ ចាប់ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កដោយខ្យល់មូសុង និងខ្យល់មូសុងនិរតី។ ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានចេញការព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងពីការព្យាករណ៍អាកាសធាតុដោយនាយកដ្ឋានឧតុនិយម ដែលបាននិយាយថា ប្រទេសថៃភាគច្រើននឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃអាទិត្យ។ នេះ​ដោយសារ​ខ្យល់​មូសុង​ មានពាសពេញ​ភាគខាងជើង និង​ឦសាន ខណៈ​ខ្យល់មូសុង​និរតី​ នៅ​លើ​សមុទ្រ​ Andaman និង​ឈូងសមុទ្រ​ នឹង​មាន​កម្លាំងកាន់តែ​ខ្លាំង។

    ONWR បានព្រមានថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា តំបន់មួយផ្នែករបស់ប្រទេសថៃ នឹងកើតមានជំនន់ទឹកភ្លៀង និងទឹកជោរពីទន្លេ ស្របពេលដែលខ្លួនស្នើឱ្យប្រជាពលរដ្ឋរស់នៅក្បែរមាត់ទន្លេ និងអាងទន្លេ អនុវត្តតាមការធ្វើបច្ចុប្បន្នភាព នៃការប្រកាសពីអាកាសធាតុ និងកម្រិតទឹក។ ខាងក្រោមនេះគឺជាតំបន់ដែលងាយនឹងរងគ្រោះតាមសេចក្ដីប្រកាស៖

    – ភាគខាងជើង៖ ខេត្តឈៀងម៉ៃ, ព្រែ, ណាន, ឡាំប៉ាង, កំផែងផេត, តាក, ឧត្តារ៉ាឌីត, វិស្ណុលោក និង ផាត់ចាប៊ុន។
    – ភាគឦសាន៖ ខេត្តឡយ, បឹងកាន, ខនកែន, កាឡាស៊ីន, ឆៃយ៉ាភូមិ, អាមណាត ចារឿន, អ៊ូប៊ុន រ៉ាថានី, យ៉ាសុថុន, ស៊ីសាកេត និង នគររាជសីមា។
    – តំបន់កណ្តាល៖ កានចាន់បុរី និង រាជបុរី ។
    – ខាងលិច៖ ប្រាជ្ញគីរីខាន់ និងភូតឆាបូរី
    – ខាងកើត៖ ចន្ថាបុរី និងត្រាត។

    ការិយាល័យបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន រៀបចំផែនការជម្លៀសប្រជាជនដែលរស់នៅក្បែរទន្លេ និងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ និងចេញការព្រមានជាមុន ដើម្បីទុកពេលគ្រប់គ្រាន់សម្រាប់ប្រជាជនដើម្បីគេចផុតពីទឹកជំនន់ដែលរំពឹងទុក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: