ព័ត៌មានអន្តរជាតិ September 17, 2022

ថៃរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox មួយករណីទៀតធ្វើឲ្យករណីឆ្លងសរុបកើនដល់ ៨នាក់

Khmerpress

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox បន្ថែមមួយករណីទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox រូបនេះគឺជាពលរដ្ឋថៃមានអាយុ ២៣ឆ្នាំ បានធ្វើដំណើរត្រលប់មកពីប្រទេសកាតាវិញកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញាកន្លងទៅ និងត្រូវបានធ្វើតេស្តវិជ្ជមាននៅក្នុងថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះក្នុងអំឡុងពេលដែលរូបគាត់កំពុងធ្វើចត្តាឡីស័ក។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺរូបនេះមិនមានការពាក់ព័ន្ធជាមួយពលរដ្ឋនៅក្នុងសហគមន៍ផ្សេងទៀតនោះទេ ហើយពេលនេះអ្នកជំងឺក៏មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភខ្លាំងដែរ ខណៈជំងឺកំពុងទទួលបានការព្យាបាលនៅក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox សរុបចំនួន ៨ករណី​ ខណៈករណីឆ្លងនៅលើពិភពលោកបានកើនដល់ជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នា ដោយមិនគិតបញ្ចូលករណីឆ្លងនៅក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកវេជ្ជបណ្ឌិត Opas Karnkawinpong