Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែកញ្ញា, អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន សូមប្រយ័ត្នជំនន់ទឹកភ្លៀង

    BY Khmerpress September 21, 2022
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែកញ្ញា, អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន សូមប្រយ័ត្នជំនន់ទឹកភ្លៀង

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

    ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ៖

    ១៖ តំបន់ទំនាបកណ្តាល

    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    * នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ២៖ តំបន់ខ្ពង់រាប

    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    * នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តនៅក្នុងភូមិសាស្ត្រជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    * នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តមានការប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមក ពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្តជាប់ព្រំដែនថៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: