Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បានបំភ្លឺថា ជនស៊ីវិលដែលដឹកអ្នកបើកកង់៣ ទៅបញ្ចាំទូរស័ព្ទហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចគោលដៅទេ តែជាជនស៊ីវិលឆ្លៀតឱកាស

    BY Khmerpress September 21, 2022
    ស្នងការរាជធានីភ្នំពេញ បានបំភ្លឺថា ជនស៊ីវិលដែលដឹកអ្នកបើកកង់៣ ទៅបញ្ចាំទូរស័ព្ទហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចគោលដៅទេ តែជាជនស៊ីវិលឆ្លៀតឱកាស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយថា “មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ ” ។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវករណីនេះភ្លាម ដើម្បីស្វែងរកការពិតចំពោះការចុះផ្សាយនេះ ដោយបានកោះហៅមន្ត្រីទាំងអស់នៅគោលដៅ មកជួបផ្ទាល់ជាមួយបុរសម្នាក់នេះ ក្រោយពិនិត្យច្បាស់មក ក្នុងចំណោមមន្ត្រីទាំងអស់នោះ មិនមាននរណាម្នាក់ មានភិនភាគដូចជនស៊ីវិល ដែលដឹកគាត់យកទៅបញ្ចាំទូរស័ព្ទ និងយកលុយពីគាត់នោះទេ សមត្ថកិច្ចកំពុងចុះស្រាវជ្រាវមើលកាមេរ៉ា ដើម្បីស្រាវជ្រាវរកជនស៊ីវិលឆ្លៀតឱកាសនោះ។

    បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០៖៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បានបើកបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យ ករណីមិនកិបគន្លឹះមួកសុវត្ថិភាព ។
    ពេលនោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថា តាមច្បាប់លើករណីល្មើសនេះត្រូវផាកពិន័យ ៦០,០០០រៀល ពេលនោះគាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរស័ព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរស័ព្ទជូនមន្រ្តី ដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ។ ភ្លាមនោះមន្រ្តីរបស់យើងក៏ហុចទូរស័ព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយមិនបានផាកពិន័យ ឆ្លៀតពេលនោះមានជនឱកាសនិយម ស្លៀកពាក់ស៊ីវិលឆ្លៀតឱកាស ហៅបុរសនោះចេញមកក្រៅ ដោយប្រាប់ថាបើអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដើម្បីបង់ថ្លៃល្មើសចរាចរណ៍ ដោយមិនចាប់អារម្មណ៍ ហើយប្រញាប់ផង ក៏ជឿមិនបានគិត ហើយក៏បានផ្តល់លុយនោះទៅឲ្យជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់។

    យោងតាមកំណត់ហេតុស្តាប់ចម្លើយរបស់អ្នកបើកបរម៉ូតូកង់បី បានបញ្ជាក់ថា៖ ក្រោយពេលបានទទួលទូរស័ព្ទពីមន្រ្តីនគរបាលវិញ គាត់ក៏បានទាញទូរស័ព្ទនោះយកមកថតសកម្មភាពរបស់សមត្ថកិច្ចនៅគោលដៅនោះ ផ្ញើទៅមិត្តភក្តិរបស់គាត់តាម Telegram ដោយឃើញសកម្មភាពបែបនេះ មន្រ្តីនគរបាលរបស់យើងក៏បានទាញយកទូរស័ព្ទ ដើម្បីលុបរូបភាពទាំងនោះចេញ ហើយក៏បានទុកទូរស័ព្ទនៅលើតុជូនគាត់វិញ ខណៈនោះស្រាប់តែមានជនស៊ីវិលមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរមកយកទូរស័ព្ទនោះ និងបាននិយាយប្រាប់គាត់ឲ្យយកទូរស័ព្ទទៅបញ្ចាំ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ ហើយគាត់ក៏ឡើងជិះម៉ូតូជាមួយជននោះ ទៅហាងបញ្ចាំតែម្តង។ បន្ទាប់ពីបញ្ចាំទូរស័ព្ទរួច អ្នកបើកបរម៉ូតូកង់បី ក៏បានហុចលុយចំនួន ៥០,០០០រៀល ទៅឲ្យជននោះនៅមុខហាងបញ្ចាំ រួចក៏ឲ្យជននោះជូនគាត់ត្រឡប់មកវិញ ដើម្បីយកម៉ូតូកង់បីរបស់គាត់ ដោយគាត់នឹកស្មានថា ជននោះជាមន្រ្តីនគរបាលចរាចរណ៍។

    បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបានអញ្ជើញប្រធានគោលដៅ មន្រ្តីទាំងអស់នៅគោលដៅកួចកាណុង និងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំ និងឆែកកាមេរ៉ា សុវត្ថិភាពនៅហាងបញ្ចាំយីហោ ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា ៖ នៅវេលាម៉ោងប្រហែលជិត ១១៖០០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនស៊ីវិល ចំនួន ០២នាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរស័ព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែគាត់បានបដិសេធថា ជនទាំង ០២នាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ ។

    សេចក្តីសន្និដ្ឋាន៖ ដោយផ្អែកលើរបាយការណ៍របស់ប្រធានគោលដៅកួចកាណុង ចម្លើយបំភ្លឺរបស់អ្នកបើកបរម៉ូតូកង់បី (ដែលគាត់បានយល់ច្រឡំថា ជនស៊ីវិលដែលជូនគាត់ទៅដាក់បញ្ចាំទូរសព្ទនោះ គឺជាមន្រ្តីនគរបាលចរាចរណ៍) និងចម្លើយបដិសេធរបស់ម្ចាស់ហាងបញ្ចាំខាងលើ (ជនស៊ីវិលទាំងពីរ ដែល មកបញ្ចាំទូរស័ព្ទនៅកន្លែងរបស់គាត់ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ) ដូចនេះ ករណីដែលបានចោទប្រកាន់ថា “មន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅកួចកាណុង ដឹកអ្នកបើកបរល្មើសទៅបញ្ចាំទូរស័ព្ទយកលុយ ដើម្បីបង់ថ្លៃផាកពិន័យ” គឺមិនពិតដូចការចោទប្រកាន់នោះទេ។

    ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់។

    ជាមួយនោះដែរ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីទាំងអស់
    ត្រូវប្រើប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ទោះជាកំពុងរវល់ ឬហត់នឿយក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងណាក៏ដោយ។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តការងារប្រកបដោយសីលធម៌ និងណែនាំអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: