ជនរងគ្រោះទី២ ដែលបានបាត់ម៉ូតូតាំងពីថ្ងៃទី១៣ ខែកញ្ញា ឥលូវរកឃើញវិញហើយ ក្រោយសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដោយខុសច្បាប់ នៅខណ្ឌទួលគោក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌប្រជាពលរដ្ឋទី២ ដែលបានបាត់ម៉ូតូថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឥឡូវបានឃើញវិញថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
ម្ចាស់ម៉ូតូរូបនោះបានឱ្យដឹងថា គាត់សប្បាយចិត្ត គាត់បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក និងក្រុមការងារទាំងអស់ដែលបានខិតខំលើការងារនេះ គាត់មានតែម្រាមដៃ១០ សម្រាប់ការដឹងគុណនេះទេ គាត់សប្បាយចិត្តណាស់ មិននឹកស្មានបានមកវិញទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ម៉ូតូចំនួន៣២២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ទៅផ្ទៀងផ្ទាត់បាននៅទីតាំងរក្សាទុក។ ក្នុងករណីមានឯកសារបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញភ្លាមៗ ៕
ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក


