បុរសអាយុ ៣៦ឆ្នាំម្នាក់តេស្តវិជ្ជមានជំងឺកូវីដ-១៩ ជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍ក្នុងពេលដំណាលគ្នា
អ៊ីតាលី៖ បុរសជនជាតិអ៊ីតាលីម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សមានសំណាងអាក្រក់បំផុត ដ្បិតរូបគាត់បានតេស្តវិជ្ជមាននូវជំងឺកាចសាហាវជាច្រើនក្នុងពេលដំណាលគ្នាដោយជំងឺទាំងនោះរួមមានជំងឺកូវីដ-១៩ ជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា បុរសកំពូលស៊យរូបនេះមានអាយុ ៣៦ឆ្នាំ ហើយការធ្វើតេស្តរកជំងឺទាំងអស់ខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគាត់បានទៅដើរកំសាន្តនៅក្នុងប្រទេសអេស្ប៉ាញរយៈពេល ៥ថ្ងៃ។
ប្រភពខាងលើបានបន្តថា ក្រោយបញ្ចប់ដំណើរកំសាន្តនិងបានត្រឡប់ទៅដល់ប្រទេសអ៊ីតាលីវិញ បុរសជាជនរងគ្រោះបានផ្តើមមានរោគសញ្ញាគ្រុនក្តៅ ហើយក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនគេ។ បន្ទាប់មកនៅក្នុងថ្ងៃដដែលនោះគាត់ក៏ផ្តើមចេញពងបែកនៅលើស្បែក ហើយពេលទៅធ្វើតេស្តរកជំងឺអ៊ុតស្វា Monkeypox ក៏ស្រាប់តែបង្ហាញលទ្ធផលវិជ្ជមានផងដែរ។ ក្រោយរកឃើញថា ខ្លួនបានឆ្លងជំងឺអ៊ុតស្វា Monkeypox ហើយ បុរសជាអ្នកជំងឺក៏សម្រេចធ្វើតេស្តរកជំងឺអេដស៍មួយបន្ថែមទៀត ព្រោះគាត់សង្ស័យថា រូបគាត់ទំនងជាបានឆ្លងជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍ជំងឺប្រភពតែមួយ ហើយលទ្ធផលគឺដូចការគិតរបស់គាត់មែន ពោលគឺរូបគាត់ក៏វិជ្ជមានជំងឺអេដស៍មួយបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

