ក្រុមហ៊ុន Boeing ត្រូវពិន័យជាប្រាក់ ២០០លានដុល្លារជុំវិញការធ្វេសប្រហែសដែលបណ្តាលឲ្យមានយន្តហោះចំនួន ២គ្រឿងបានធ្លាក់នាពេលកន្លងមក
អាមេរិក៖ និយតករអាមេរិកបានសម្រេចធ្វើការពិន័យក្រុមហ៊ុន Boeing ជាទឹកប្រាក់ចំនួន ២០០លានដុល្លារ ជុំវិញសកម្មភាពធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលបណ្តាលឲ្យមានយន្តហោះដឹកនាំអ្នកដំណើរចំនួន ២គ្រឿងបានធ្លាក់នាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី ២៣ ខែកញ្ញានេះបានបញ្ជាក់ថា ភ្លាមៗក្រោយទទួលបានដំណឹងស្តីពីការពិន័យខាងលើនេះ ក្រុមហ៊ុន Boeing បានចេញមកទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន និងបានសន្យាបង់ប្រាក់សំណងនេះតាមការកំណត់ផងដែរ។
គួររម្លឹកជូនថា យន្តហោះរបស់ក្រុមហ៊ុន Boeing ចំនួន ២គ្រឿងដែលបានធ្លាក់នាពេលកន្លងមកនោះរួមមាន យន្តហោះដឹកអ្នកដំណើរ 737 MAX ដែលស្ថិតក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ខណៈយន្តហោះ ដឹកអ្នកដំណើរ 737 MAX មួយគ្រឿងទៀតដែលស្ថិតក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់នៅក្នុងប្រទេសអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩។ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះទាំង ២គ្រឿងនេះបានបណ្តាលឲ្យមានអ្នកដំណើរសរុបចំនួន ៣៥០នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
