ព័ត៌មានជាតិ

ក្រសួងសាធារណការ សម្រេចអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ ខែតុលានេះតទៅ

BY
Khmerpress
September 27, 2022
ក្រសួងសាធារណការ សម្រេចអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ ខែតុលានេះតទៅ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន​ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) គឺជាផ្លូវល្បឿងលឿនដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។

ក្រសួងសាធារណការ និងក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿនរួមមាន៖ រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៥០០ccឡើងទៅ។

ក្រសួងសាធារណការ សូមយកឱកាសនេះក្រើនរំលឹកដល់សាធារណជន សូមមេត្តាចូលរួមគោរពបទបញ្ជា និងសេចក្ដីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុ ចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ ក្រសួងសាធារណការ និងអាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿនមានសិទ្ធបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: