ព័ត៌មានអន្តរជាតិ May 17, 2021

ចិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ជាង៤០០លានដូស» ជូនប្រជាជនទូទាំងប្រទេស

Khmerpress

(ប៉េកាំង)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ៤០០លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជន នៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ខណៈដែលប្រទេសមានប្រជាជន ច្រើនជាងគេបំផុតលើលោកមួយនេះ កំពុងជំរុញកម្មវិធីចាក់វ៉ាក់សាំងបានឲ្យលឿន ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញ នៃករណីឆ្លងរាតត្បាត COVID-19 ក្នុងខេត្តអានហ៊ុយ (Anhui)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនជិត ៤០៧លានដូស ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានការផ្ទុះឡើងនូវករណីឆ្លងក្នុងស្រុកចំនួន ០៧ករណីដែលត្រូវបានរាយការណ៍នៅក្នុងខេត្ត អានហ៊ុយ (Anhui) ភាគខាងកើតប្រទេសចិន និង ០៩ករណីនៅខេត្ត លាវនីង (Liaoning) ភាគឦសានប្រទេសចិន។

គួរបញ្ជាក់ថា ទាំងខេត្ត Anhui និង Liaoning បាននិងកំពុងបង្កើនការស្វែងរក អ្នកដែលជាប់ទាក់ទងនឹងអ្នកជំងឺ ដែលទើបតែត្រូវបានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺ COVID-19 នាពេលថ្មីៗនេះ និងអនុវត្តការធ្វើតេស្តទ្រង់ទ្រាយធំតែម្តង។ អាជ្ញាធរចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនូវជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវចុងក្រោយនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews