Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ពលរដ្ឋនៅវៀតណាមជាង ២០០,០០០ នាក់ ត្រូវជម្លៀសរកទីជម្រក ខណៈព្យុះទីហ្វុង Noru បានបន្ដវាយប្រហាររហូតដល់ព្រឹកថ្ងៃពុធនេះ

BY Khmerpress September 28, 2022
ពលរដ្ឋនៅវៀតណាមជាង ២០០,០០០ នាក់ ត្រូវជម្លៀសរកទីជម្រក ខណៈព្យុះទីហ្វុង Noru បានបន្ដវាយប្រហាររហូតដល់ព្រឹកថ្ងៃពុធនេះ

ព្យុះទីហ្វុង Noru នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាម ដោយបាននាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈពលរដ្ឋរាប់សែននាក់ត្រូវភៀសខ្លួនរកទីជម្រកបណ្ដោះអាសន្ន។ នៅទីក្រុងដាណាង ដែលជាទីក្រុងធំជាងគេទី៣របស់ប្រទេសនេះ អគារខ្ពស់ៗ និងផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានរងការខូចខាត ខណៈដើមឈើក៏បានដួលរលំ ហើយក្នុងនោះ ក៏មានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបាននិយាយថា៖«ទីតាំងរបស់ព្យុះទីហ្វុងនៅម៉ោង ៤ ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃពុធ ទី២៨ ខែកញ្ញា គឺស្ថិតនៅចន្លោះទីក្រុងដាណាង និងក្វាងណាម ដោយបន្ថែមល្បឿនខ្យល់គឺពី ១០៣ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង»។ មនុស្សជាង ២០០,០០០ នាក់ នៅក្នុងប្រទេសវៀតណាម បានជ្រកកោននៅក្នុងទីជម្រកបណ្ដោះអាសន្នមួយយប់ បន្ទាប់ពីអ្នកព្យាករណ៍បានព្យាករណ៍ថា ព្យុះនេះនឹងក្លាយជាព្យុះដ៏ធំបំផុតមួយ ដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍នេះ។

ល្បឿនខ្យល់គឺយឺតជាងការរំពឹងដំបូង ប៉ុន្តែអ្នកព្យាករណ៍បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្ត ហើយបានព្រមានពីការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ ក្រសួងការពារជាតិវៀតណាមបានចល័តទាហានប្រហែល ៤០,០០០ នាក់ និងសមាជិកកងជីវពល ២០០,០០០ នាក់ បំពាក់ដោយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។ ស្ទើរតែពាក់កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមត្រូវបានបិទ សាលារៀន និងការិយាល័យនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុងដាណាង ត្រូវបានបិទ ហើយអ្នកស្រុកបានប្រញាប់ប្រញាល់រកវិធី ដើម្បីធានាផ្ទះរបស់ពួកគេកាលពីថ្ងៃអង្គារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: