ព័ត៌មានជាតិ

ប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ ផ្លូវល្បឿនលឿន

BY
Khmerpress
September 28, 2022
ប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ ផ្លូវល្បឿនលឿន

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយ ប្រើប្រាស់ ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ ដើម្បីថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព និង បង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ រយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ។

សេចក្តីជូនដំណឹងបន្តថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនCRBC) គឺជាផ្លូវល្បឿនលឿនដំបូង បង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។

ក្រសួងសាធារណការ បានបន្តថា ក្នុងន័យដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ ផ្លូវល្បឿនលឿនដល់សាធារណជន ឱ្យបានទូលំទូលាយ ក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ ផ្លូវ ល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿន រួមមាន រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី ៧០គម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំ ស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ។

ក្រសួងសាធារណការនិងដឹកជញ្ជូនសូមយកឱកាសនេះក្រើនរំលឹកដល់សាធារណជន ចូលរួមគោរព បទបញ្ជា និងសេចក្តីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និង បង្ការគ្រោះថ្នាក់ ជាយថាហេតុ ចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរមាន សមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ។

គួរជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ។ ផ្លូវនេះ មានគន្លងផ្លូវ ធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក)ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: