ព័ត៌មានជាតិ

៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ៣៥ម៉ឺននាក់

BY
Khmerpress
April 10, 2021
៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ៣៥ម៉ឺននាក់

(ភ្នំពេញ)៖ យោតាមរបាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យ បានចាក់ជូនមន្ត្រីរាជការ និងជនគោលដៅនៅទូទាំងប្រទេស បានជាង ៣៥ម៉ឺននាក់។

របាយការណ៍បានបង្ហាញ រយៈពេល៩ថ្ងៃកន្លងទៅនេះ អ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ មានចំនួន ៣៦៩,៦២៣នាក់ ក្នុងនោះអ្នកអនុញ្ញាតឱ្យចាក់មានចំនួន ៣៥១,៨៣៨នាក់ និងអ្នកមិនអនុញ្ញាតឱ្យចាក់មានចំនួន ១៨,៤២៥នាក់។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា ការចាក់វ៉ាក់សាំងទាំង៣ប្រភេទ (ស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់) ចាក់បានជិត ៦៨ម៉ឺននាក់ហើយ។

សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់។ ក្រុមជនដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះរួមមាន៖

១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)
៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)
៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ)
៦៖ មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៨៖ កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ច។

ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច បានពង្រីកទីតាំងចាក់វ៉ាក់សាំង ដោយបានធ្វើឡើងនៅទីតាំងស្ថាប័នជាតិ និងក្រសួងស្ថាប័ននានាផ្ទាល់តែម្តង។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះមានប្រមាណ ១០៩កន្លែង ហើយគ្រោងពង្រីកឱ្យបានរហូតដល់ទៅ ២៥០កន្លែង។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ នឹងធ្វើឡើងសម្រាប់បុគ្គលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដោយមិនកំណត់ត្រឹម ៥៩ឆ្នាំនោះទេ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាទិញបានវ៉ាក់សាំងចំនួន ១.៥លានដូសពីក្រុមហ៊ុនចិន ហើយដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ លោកស្រី បានបញ្ជាក់ទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងតែដំណើរការចាក់រាប់សិបលាននាក់រួចមកហើយ។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ជនគោលដៅដែលបានកំណត់ចាក់វ៉ាក់សាំង អញ្ជើញទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពាសហគមន៍ កុំឱ្យមេរោគកូវីដ១៩ វាយលុកចូលទៅក្នុងខ្លួន ចូលទៅក្នុងផ្ទះ និងចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: