Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Elon Musk បង្ហើបពីលក្ខណៈពិសេសរថយន្ត Cybertruck អាចបើកបរលើទឹកបានដូចទូក

BY Khmerpress October 3, 2022
Elon Musk បង្ហើបពីលក្ខណៈពិសេសរថយន្ត Cybertruck អាចបើកបរលើទឹកបានដូចទូក

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Tesla ហាក់មិនបានបោះបង់ចោលគ្រោងកាលផលិតរថយន្ត Cybertruck នោះទេ បើទោះបីជាមានកាពន្យាពេលជាបន្តបន្ទាប់អស់រយៈពេលជាង ៣ឆ្នាំមកនេះ ខណៈ Elon Musk នៅតែបង្ហើបពីមុខងារថ្មីៗជានិច្ចសម្រាប់រថយន្តពិសេសមួយនេះ។ ដោយឡែករបាយការណ៍លើកនេះ Musk បានប្រាប់ថា Cybertruck មិនត្រឹមតែជារថយន្តទេ ថែមទាំងអាចដើរតួរជាទូកបានថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ ប្រសិនបើមិនមានខ្យល់ ឬរលកខ្លាំងៗ។ ខ្លឹមសារនេះត្រូវបានប្រភពអះអាងថា អ្នកដែលត្រៀមខ្លួនក្លាយជាម្ចាស់រថយន្ត Cybertruck ដ៏ពិសេសមួយនេះនឹងទទួលបានរថយន្តដ៏រឹងមាំ ដែលមិនត្រឹមតែអាចជិះលើគោកនោះទេ ថែមទាំងអាចធ្វើជាទូកជិះលើទឹកថែមទៀត ហើយចំពោះតម្លៃដាក់លក់វិញនឹងចាប់ពីខ្ទង់ ៣៩,០០០ដុល្លារឡើងទៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថា រថយន្ត Cybertruck បានបង្ហាញរូបរាងផលិតជាលើកដំបូងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្លេះ ខណៈក្រុមហ៊ុនធ្លាប់បានប្រកាសថាខ្លួនគ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ ដែលទំនងជាត្រូវដាក់លក់ជាផ្លូវការនៅឆ្នាំ២០២៣ ខាងមុខនេះវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: