ព័ត៌មានអន្តរជាតិ October 5, 2022

ក្រុមអ្នកលក់នៅចិនដែលប្រមូលស្តុក iPhone 14 ទុក សង្ឃឹមលក់វិញបានចំណេញ ឥលូវនាំគ្នាក្រពុលមុខ ហើយដាក់លក់ iPhone នោះវិញតាមដងផ្លូវ

Khmerpress

ក្រោយពីបានដាក់លក់ទូរស័ព្ទដ៏ល្បី iPhone 14 ដែលចេញជាផ្លូវការនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែដោយសារកត្តាជាច្រើន គេបានរកឃើញថា នៅតំបន់ខ្លះ iPhone 14 ប្រហែលជាលក់មិនបានច្រើនទេ បើប្រៀបធៀបជាមួយនឹងជំនាន់មុន ហើយវាអាចបណ្តាលឱ្យមនុស្សមួយចំនួនរងផលប៉ះពាល់ទាំងស្រុងទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ គេហទំព័រ Liberty Times Net បានរាយការណ៍ពីរឿងកំពុងរីករាលដាលនៅក្នុងប្រទេសចិន ដោយមនុស្សមួយចំនួនបានប្រមូលទិញ iPhone 14 ជាច្រើនស្តុកទុក ហើយក៏បាន​សម្រេច​ចិត្ត​យក​ទូរស័ព្ទនោះ ​​ចេញមកដាក់​លក់​នៅ​តាមចិញ្ចើមផ្លូវមួយក្នុង​តំបន់ Tian Huan ទីក្រុងក្វាងចូវ ដែលមានតម្លៃថោកជាងទីផ្សារ ​ព្រោះ​ចង់លក់​យក​លុយ​មក​វិញ ដោយសារបារម្ភថា ប្រសិនបើទុក​វា​យូរ​ជាង​នេះ ​អាច​នឹង​ខាតបង់​កាន់តែច្រើន​។

គួរបញ្ជាក់ឱ្យដឹងផងដែរថា កាលពីមុន iPhone ត្រូវបានគេចាត់ទុកថា ជាទូរស័ព្ទពេញនិយមបំផុតនៅក្នុងប្រទេសចិន នៅពេលដែលម៉ូដែលថ្មីមកភ្លាម មានអតិថិជនជាច្រើនចាំទិញ ហើយមានមនុស្សមួយចំនួនសុខចិត្តចំណាយលុយទិញថ្លៃជាងទីផ្សារ ដើម្បីបានប្រើមុនគេ។ កត្តានេះហើយ​ទើប​មាន​អាជីវករ​មួយចំនួនបាននាំគ្នាទៅប្រមូលទិញពីក្នុងហាង ដើម្បី​ស្តុកទុក​ ហើយដាក់ទៅវិញថ្លៃខ្ពស់ជាងទីផ្សារ ដោយសារតែមិនមានទូរស័ព្ទគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពេលចេញដំបូងៗ​។ តាមរយៈរបាយការណ៍បានរកឃើញថា ក្រុមទាំងនេះរកបានយ៉ាងហោចណាស់ ៥,០០០ – ៦,០០០ យន់ (ឬជាង៧០០ទៅ១ពាន់ដុល្លាអាមេរិក) រាល់ពេលដែល Apple បញ្ចេញស្មាតហ្វូនស៊េរីថ្មី។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី iPhone 14 ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន តម្លៃលក់បន្តមិនបានកើនឡើងខ្ពស់ដូចពីមុននោះទេ។ ថែមទាំងនៅពេលខ្លះ វាបែរជាទាបជាងតម្លៃដែលលក់នៅលើគេហទំព័រផ្លូវការផងដែរ ដោយម៉ូដែល iPhone 14 ដែលមានទំហំ 512GB តម្លៃទិញក្នុងទីផ្សារនោះ គឺស្ថិតនៅក្រោមតម្លៃស្តង់ដារដល់ទៅ ៧៣៩ យន់ (ឬជាង១ពាន់ដុល្លាអាមេរិក)។ តាមរយៈបញ្ហា នេះបាននាំឱ្យមានការឈឺក្បាលរបស់អ្នកជំនួញ iPhone ដែលរំពឹងទុកថាអាចកេងចំណេញបានពីការដាក់លក់ បែរជាត្រូវខកបំណង ដូច្នេះហើយពួកគេមានតែ​វិធី​តែ​មួយ​គត់​ដែល​ត្រូវ​ប្រញាប់​​បញ្ចេញ​វា​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដល់ថ្នាក់​អង្គុយ​លក់​នៅតាមចិញ្ចើមថ្នល់តែម្តង ជាមួយនិងតម្លៃដែលទាបជាងទីផ្សារដល់ទៅ ១ពាន់ យន់ ឬជិត ២០០ដុល្លាអាមេរិកឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត