ប្រទេសចិនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀត ក្នុងនោះ៤នាក់ជាករណីឆ្លងសហគមន៍
(ប៉េកាំង)៖ ប្រទេសចិននៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២២ករណីបន្ថែមទៀត ដែលធ្លាក់ចុះពី ២៥ករណីកាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ០៤ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញនៅក្នុងខេត្ត លាវនីង (Liaoning) ភាគឦសាន្ត និង ១៨ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញ នៅលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ។
ចំណែកឯ ករណីឆ្លងដែលមិនមានរោគសញ្ញា ឬហៅថា អាស៉ីមតូម៉ាទិច (Asympthomatic Case) ដែលប្រទេសចិន មិនបានដាក់ចូលទៅក្នុងករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២០ករណី ដែលកើនឡើងពី ១៧ករណីកាលពីមួយថ្ងៃមុន។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩០,៨៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៥,៩៦៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews