Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! កម្មវិធីកម្ចាត់មេរោគក្លែងក្លាយ ក្រោយអ្នកប្រើប្រាស់ទូរស័ព្ទដៃ Android ប្រមាណ ៦ម៉ឺនករណី ត្រូវបានលួចលុយក្នុងគណនីធនាគារ

    BY Khmerpress October 6, 2022
    សូមប្រុងប្រយ័ត្ន! កម្មវិធីកម្ចាត់មេរោគក្លែងក្លាយ ក្រោយអ្នកប្រើប្រាស់ទូរស័ព្ទដៃ Android ប្រមាណ ៦ម៉ឺនករណី ត្រូវបានលួចលុយក្នុងគណនីធនាគារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា បច្ចេកវិទ្យា បានផ្តល់ភាពងាយស្រួលក្នុងការបម្រើកិច្ចការងារផ្សេងៗ គ្រប់វិស័យ តួយ៉ាងច្រើន ដូចជាវិស័យធនាគារ សុខាភិបាល សេដ្ឋកិច្ច សង្គម ។ល។ ទោះបីបច្ចេកវិទ្យាបានផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ទន្ទឹមគ្នាវាក៏មានផលអវិជ្ជមានផងដែរ ថ្មីៗនេះ មានការវាយប្រហារដោយមេរោគ Trojan ទៅលើអ្នកប្រើប្រាស់ទូរសព្ទដៃ Android ប្រមាណ ៦ម៉ឺនករណី ដើម្បីលួចប្រាក់ក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់។

    នាយកដ្ឋានព័ត៌មានវិទ្យា៖ សូមក្រើនរំលឹកដល់ប្រជាជនកម្ពុជា សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងការទាញយក និងដំឡើងកម្មវិធី (Apps) ណាមួយដែលមិនមានប្រភពច្បាស់លាស់ នៅលើទូរសព្ទដៃរបស់ខ្លួន ព្រោះថ្មីៗនេះ ក្រុមហែកឃ័រ (Hacker) បានបង្កើតកម្មវិធី Security Apps ចំនួន ០២ ដែលមានឈ្មោះថា “Kylhavy Mobile Securtiy“ មានអ្នកទាញយកចំនួនលើសពី ៥០០០០នាក់ និងកម្មវិធី “Mister Phone Cleaner”មានអ្នកទាញយកចំនួនលើសពី ១០០០០នាក់។

    កម្មវិធីទាំងនេះ បានលួចយកប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេស៖
    – Loggin Keystrokes: ដើម្បីលួចលេខសម្ងាត់គណនី
    – Intercepting SMS: ដើម្បីលួចយក OTP
    – ធ្វើកាទូទាត់ និងផ្ទេរប្រាក់ជនរងគ្រោះដោយខុសច្បាប់។

    ករណីខាងលើនេះបានកើតឡើង ក្នុងបណ្តាប្រទេសមួយចំនួនលើពិភពលោក ដូចជា អេស្ប៉ាញ អូស្ត្រាលី ប៉ូឡូញ អាឡឺម៉ង់ សហរដ្ឋអាមេរិក និងអូទ្រីស ។ល។ អាស្រ័យហេតុនេះសូមលោក លោកស្រី មេត្តាជួយចែករំលែកអត្ថបទនេះដើម្បីឱ្យមនុស្សជាទីស្រលាញ់របស់លោកអ្នកបានឃើញ ដើម្បីជៀសវាងការចាញ់បោក ឬចាញ់កលល្បិចរបស់ជនខិលខូចនៅលើបណ្តាញអ៊ីនធឺណេត ឬបណ្តាញសង្គម ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

    Share This Post: