មីស៊ីលរុស្ស៊ីនៅតែបន្តវាយប្រហារលើទីក្រុងនានា នៅទូទាំងប្រទេសអ៊ុយក្រែនចូលដល់ថ្ងៃទី២
មីស៊ីលរុស្ស៊ីនៅតែបន្តវាយប្រហារលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន បើទោះជាមានរលកនៃការថ្កោលទោសពីបរទេសក៏ដោយ។ កងទ័ពរុស្ស៊ីបានបើកការវាយប្រហារជាច្រើនដងលើទីក្រុងអ៊ុយក្រែន ដែលជាថ្ងៃទីពីរជាប់ៗគ្នា។ ពោលគឺ មីស៊ីលចំនួន ១២គ្រាប់ បានវាយប្រហារទីក្រុង Zaporizhzhia ដោយបានសម្លាប់មនុស្សនៅទីនោះម្នាក់ផងដែរ។ រុស្ស៊ីនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប៉ុស្តិ៍បញ្ជាការរបស់អ៊ុយក្រែន។ រយៈពេល ២ថ្ងៃនេះ គឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយសម្រាប់អ៊ុយក្រែន ដែលការវាយប្រហារដោយមីស៊ីលបានសម្លាប់មនុស្ស ២០នាក់ និងរបួសជាង ១០០ នាក់។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា៖«សត្រូវបាននាំមកនូវការវាយប្រហារភេរវកម្មជាលើកទី២ មកលើប្រទេសរបស់យើង។ នៅព្រឹកនេះ យើងបានបាញ់ស្ទាក់មីស៊ីលចំនួន ២០គ្រាប់ ក្នុងចំណោមមីស៊ីលទាំង ២៨គ្រាប់។ ដ្រូនគ្មានមនុស្សបើកជាង ១៥គ្រឿង ក៏ត្រូវបានស្ទាក់ចាប់ផងដែរ ពួកវាស្ទើរតែទាំងអស់ជារបស់អ៊ីរ៉ង់»។ មន្ត្រីអ៊ុយក្រែនក៏បានប្រកាសពីការរកឃើញដ៏លំបាកមួយ នៅក្នុងទីក្រុង Lyman ជាមួយនឹងផ្នូរដ៏ធំមួយដែលមានសាកសពចំនួន ៥៥ មានទាំងបុគ្គលិកយោធា និងជនស៊ីវិល។ សាកសពជាង ៣០ ផ្សេងទៀត ក៏ត្រូវបានរកឃើញផងដែរនៅក្នុងទីក្រុង Donetsk ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


