ការប្រកួតបាល់ទះ Anchor Slamball ដំបូងបំផុតនៅកម្ពុជា នឹងចាប់ផ្ដើមនៅខែវិច្ឆិកាខាងមុខនេះហើយ
ការប្រកួតបាល់ទះ Anchor Slamball (៤ទល់នឹង៤) ដែលរៀបចំឡើងដោយក្រុមហ៊ុន Sabay និងស្រាបៀ Anchor នឹងចាប់ផ្ដើមដំណើរការប្រកួតនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះតទៅហើយ។
វិស័យបាល់ទះនៅកម្ពុជាកំពុងតែរីកចម្រើនខ្លាំង ក្រុមហ៊ុន Sabay និង Anchor ក៏បានផ្ដួចផ្ដើមគំនិតបង្កើត ការប្រកួតបាល់ទះ សម្រាប់កីឡាករទាំងអស់ក្នុងការបញ្ចេញសមត្ថភាព។ Anchor Slamball ជាការប្រកួតបាល់ទះ ប៉ុន្តែវានឹងក្លាយជាព្រឹត្តិការណ៍ដែលនឹងទាក់ទាញអ្នកគាំទ្រនិងកីឡាករជាច្រើន ក៏ព្រោះតែកីឡាបាល់ទះនេះ មានប្រជាប្រិយភាពណាស់នៅតាមបណ្ដាខេត្តនានា ជាពិសេសតំបន់ដាច់ស្រយាលតែម្ដង។
ការរៀបចំពានរង្វាន់ខាងលើនេះដែរ នឹងមានធ្វើតារាងបាល់ទះស្ដង់ដារតាមបណ្ដាខេត្ត ក្រុងរហូតដល់៨ផងដែរ ដើម្បីរៀបចំការប្រកួត។ ដោយក្នុងមួយខេត្ត ក្រុមការងារនឹងធ្វើតារាងបាល់ទះស្ដង់ដារមួយ ហើយវានឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលកីឡាករដ៏ឆ្នើមជាច្រើនមិនខាន ដោយពួកគេអាចលេងនៅលើទីលានប្រកបទៅដោយស្ដង់ដារត្រឹមត្រូវ ។
បើតាមលោក ជី សិលា ប្រធានក្រុមហ៊ុន Sabay បាននិយាយថាការប្រកួតបាល់ទះក្រៅផ្លូវការមួយនេះ នឹងទាក់ទាញប្រជាប្រិយភាពជាច្រើន។ មួយវិញទៀត លោករៀបចំវាឡើងដើម្បីឱ្យកីឡាករមិនអាជីព ពាក់កណ្ដាលអាជីព ឬអាជីពក្ដី បានបង្ហាញសមត្ថភាពក្នុងការប្រកួត ហើយមានតារាងស្ដង់ដារត្រូវតាមខ្នាតអន្ដរជាតិ។ ការប្រកួតនេះទៀតសោត ក៏អាចនឹងជួយឱ្យកម្ពុជាអាចរកបានកីឡាករឆ្នើមៗនៅថ្ងៃអនាគតផងដែរ។
ដោយឡែកសម្រាប់ក្រុមហ៊ុន Anchor ដែលជាដៃគូសហការរៀបចំជាមួយ Sabay វិញ ក៏បានបញ្ជាក់ដែរថាគោលដៅធំដែលក្រុមហ៊ុនរៀបចំពានរង្វាន់និងធ្វើតារាងស្ដង់ដារដល់ទៅ៨នេះ គឺដើម្បីជាការចូលរួមអភិវឌ្ឍនិងលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។ ការប្រកួតបាល់ទះ គឺជាការប្រកួតដ៏ពេញនិយមបំផុតដែលប្រជាជនកម្ពុជាចូលចិត្តលេងណាស់។ ដូច្នេះហើយ ពានរង្វាន់នេះនឹងប្រមូលផ្ដុំកីឡាករ ឱ្យបានជួបជុំគ្នាប្រកួតតាមលក្ខខណ្ឌស្ដង់ដារអន្ដរជាតិផងដែរ។ មួយវិញទៀត ក្រុមហ៊ុនក៏មានគោលបំណងចូលរួមចំណែកជំរុញយុវជនកម្ពុជាឱ្យចូលរួមក្នុងវិស័យកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអភិវឌ្ឍសមត្ថភាពកីឡាករក្នុងគោលដៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។
លោក Loic De Laubriere ប្រធានទីផ្សាររបស់ក្រុមហ៊ុន ហ៊ិននីគែន ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើពានរង្វាន់ខាងលើនេះថា៖ «Anchor តែងតែគាំទ្រជានិច្ចចំពោះការប្រកួតបាល់ទះនៅលើទីលានធម្មតា»។ ខណៈដែលការតំឡើងតារាងប្រកួតស្ដង់ដារខាងមុខនេះ នឹងកាន់តែធ្វើឱ្យការប្រកួតរបស់កីឡាករម្នាក់ៗកាន់តែល្អ ព្រោះមានកន្លែងហ្វឹកហាត់ ហើយអាចបង្ហាញសមត្ថភាពរបស់ពួកគេ។ Anchor នឹងនាំមកជាមួយនូវការរៀបចំកម្មវិធីសប្បាយៗរួមមាន ការប្រគំតន្ត្រីខ្នាតតូចនៅចុងបញ្ចប់នៃកម្មវិធីប្រកួត។ យើងសង្ឃឹមយ៉ាងខ្លាំងថា Anchor ជាស្លាកសញ្ញាល្អបំផុតហើយសក្ដិសម ជាមួយការប្រកួតបាល់ទះ។
សូមបញ្ជាក់ថាការប្រកួតកីឡាបាល់ទះ Anchor Slamball នេះ នឹងមានក្រុមចូលរួមទាំងអស់៨ក្រុម ក្នុងនោះ៧ក្រុមនៅតាមបណ្ដាខេត្ត និង១ក្រុមក្នុងរាជធានីភ្នំពេញ។ ដោយក្រុមទាំង៨នេះមានឈ្មោះ ភ្នំពេញត្រីឆ្លាំង គោព្រៃកណ្ដាល ខ្លាពពកបាត់ដំបង ដំរីសៀមរាប ពង្រួលកំពង់ស្ពឺ ត្រីឆ្លាមកំពត នាគព្រៃវែង និងមាន់ជល់កំពង់ចាម។ ការប្រកួតនឹងចាប់ផ្ដើមពីខែវិច្ឆិកាឆ្នាំ២០២២នេះតទៅ រហូតដល់ខែមករាឆ្នាំ២០២៣ ទើបរកឃើញជើងឯក អមជាមួយប្រាក់រង្វាន់សន្ធឹកសន្ធាប់៕










