ប្រទេសថៃនឹងស្នើឱ្យយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក
ក្រសួងអប់រំថៃនឹងស្នើឱ្យអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រទេសថៃ គឺព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក (The world’s eminent personalities)។ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Trinuch Theinthong បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងសង្ឃឹមថាព្រះអង្គម្ចាស់ ភូមិពល ត្រូវបានគេគោរពជាសាកល ចំពោះការងារដែលព្រះអង្គបានធ្វើសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ក៏ដូចជាសហគមន៍ពិភពលោក។ ជាឧទាហរណ៍ លោកស្រីបានមានប្រសាសន៍ថា ទស្សនវិជ្ជាសេដ្ឋកិច្ចរបស់ព្រះមហាក្សត្រ ភូមិពល ឥឡូវនេះកំពុងត្រូវបានអនុម័តនៅទូទាំងពិភពលោក។
លោកស្រី Trinuch បាននិយាយថា ក្រសួងរបស់លោកស្រីនឹងអំពាវនាវឱ្យអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បន្ថែមព្រះមហាក្សត្រ ភូមិពល ទៅក្នុងបញ្ជីដែលបានរៀបរាប់ខាងលើ មុនពេលថ្ងៃគម្រប់ខួប ១០០ឆ្នាំ របស់ទ្រង់ ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៧។ លោកបណ្ឌិត Atthapol Sangkhawasi លេខាធិការអចិន្ត្រៃយ៍នៃក្រសួងអប់រំបាននិយាយថា អង្គការយូណេស្កូពិចារណាឈ្មោះសម្រាប់បញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ពេលនេះ ឥស្សរជនថៃចំនួន ២នាក់ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនោះ។ កាលពីខែវិច្ឆិកាឆ្នាំមុន អង្គការយូណេស្កូបានដាក់បញ្ចូលព្រះអង្គម្ចាស់ក្សត្រី កល្យានី វឌ្ឍនា (Galayani Vadhana) ដែលជាម្ចាស់បងរបស់ទ្រង់ ភូមិពល និង អ្នកនិពន្ធ ក៏ដូចជាអ្នកប្រាជ្ញដ៏ល្បីឈ្មោះ ព្រីយ៉ា ស៊ីសុធនវូហាន (Phrya Sisunthornwohan) ទៅក្នុងបញ្ជីនោះ។
ក្រសួងបាននិយាយថា ការដាក់បញ្ជូលនេះគឺផ្អែកលើសមិទ្ធិផលជាច្រើនរបស់អង្គម្ចាស់ ភូមិពល ឬ រាមាទី៩ អង្គនេះ រួមទាំងទេពកោសល្យរបស់ទ្រង់ក្នុងផ្នែកគំនូរ ចម្លាក់ វិស្វកម្ម ការច្នៃប្រតិដ្ឋ និងបច្ចេកវិទ្យា ការថតរូប កីឡា តន្ត្រី ភាសា និងអក្សរសាស្ត្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


