ADB អនុម័តហិរញ្ញប្បទាន ៣២,៥ លានដុល្លារ ដល់កម្ពុជា ដើម្បីជំរុញសេវាសុខាភិបាល តាមខេត្ដជាប់ព្រំដែន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥ លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែលពលរដ្ឋចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ(GMS)កម្ពុជា នឹងពង្រីកការគ្របដណ្តប់នៃការថែទាំសុខភាពសម្រាប់ពលករចំណាកស្រុកដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅប្រទេសមិនទាន់ទៅដល់ និងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់ និងរស់នៅ។
គម្រោងនេះ នឹងបង្កើនកម្ចីសម្បទានចំនួន ២៧ លានដុល្លារ និងជំនួយរហូតដល់ ៥,៥ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន ពង្រីកកិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក និងពង្រឹងប្រព័ន្ធសម្រាប់សមាហរណកម្មនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំងការបង្កើតឱ្យមានកំណត់ត្រាសុខភាពអេឡិចត្រូនិកចល័តសម្រាប់ជនចំណាកស្រុកផងដែរ។
មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Rikard Elfving បានគូសបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់ នៅទូទាំងមហាអនុតំបន់មេគង្គបានជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការចល័តរបស់មនុស្សកាន់តែច្រើនដើម្បីស្វែងរកការងារ និងឱកាសកាន់តែប្រសើរ។ វាក៏បានបង្កជាបញ្ហាប្រឈមផ្នែកសុខភាព ដែលទាក់ទងនឹងការចល័តរបស់មនុស្សសម្រាប់តំបន់ព្រំដែនដែលភ្ជាប់ទៅនឹងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ។»
បើតាម ADB ប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែនជារឿយៗ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាពដែលទាក់ទងនឹងការចល័តរបស់មនុស្ស ដូចដែលបានឃើញក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ នៅពេលដែលពលករចំណាកស្រុកកម្ពុជាជាង ២៦០ ០០០ នាក់ បានត្រឡប់មកផ្ទះវិញ។ ទន្ទឹមនេះ ពួកគាត់ភាគច្រើនបានត្រឡប់មកវិញតាមព្រំដែនដីគោកជាមួយប្រទេសថៃ ដែលបានធ្វើឱ្យហួសសមត្ថភាពនៃប្រព័ន្ធសុខាភិបាលនៅតាមព្រំដែនក្នុងការកំណត់ ធ្វើចត្តាឡីស័ក និងព្យាបាលករណីកូវីដ១៩។
លោក Rikard Elfving បានលើកឡើងថា បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ បានឯកភាពរួមគ្នាលើតម្រូវការក្នុងការពង្រឹងការការពារ សហគមន៍ងាយរងគ្រោះពីផលប៉ះពាល់សុខភាពនៃការធ្វើសមាហរណកម្មក្នុងតំបន់ និងបានផ្តល់អាទិភាព ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែន។ លោកបានបន្ដថា ការវិនិយោគលើប្រព័ន្ធសុខាភិបាលប្រកបដោយ បរិយាបន្នសម្រាប់ជនចំណាកស្រុកនឹងជួយសម្រួលដល់ការបន្តការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដែលមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញក្រោយកូវីដ១៩ ក្នុងមហាអនុតំបន់។
លោក Rikard Elfving មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបន្ថែមថា៖ «គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គនេះ នឹងផ្អែកលើបទពិសោធន៍របស់ ADB ក្នុងការគាំទ្រកម្មវិធីគ្រប់គ្រងជំងឺឆ្លង ហើយនឹងរួមបញ្ចូលមេរៀនពីការឆ្លើយតប និងការស្តារឡើងវិញរបស់កម្ពុជាពីជំងឺរាតត្បាតកូវីដ១៩»៕ ប្រភព៖ ក្រសួងព័ត៌មាន

