ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាសាងសង់ ១៦៣៨លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣

BY
Khmerpress
November 10, 2022
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាសាងសង់ ១៦៣៨លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត បានថ្លែងបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ- បាវិត នឹងបើកការរដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន ១ ៦៣៨លានដុល្លារ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (FA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ផ្លូវល្បឿនលឿននេះមានចំងាយ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ ១ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរ ផ្លូវនេះគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»។

ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនពី ភ្នំពេញទៅក្រុងបាវិតនេះ បានបន្ថែមទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងធ្វើឱ្យបានរួចរាល់ដំណាលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកម៉ុកបៃ ដើម្បីធ្វើការតភ្ជាប់ជាមួយផ្លូវ​ល្បឿនលឿនរបស់កម្ពុជា។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ដែរថា នៅថ្ងៃស្អែកនេះ ក៏នឹងមានការបើកបង្ហាញឱ្យឃើញនូវរូបភាពមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលជាគម្រោងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន YCH របស់សឹង្ហបុរី និងដៃគូផ្នែកឯកជននៅកម្ពុជា ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ដើម្បីបង្ហាញឱ្យឃើញពីគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយ និងដំបូងគេនៅកម្ពុជា ដើម្បីជួយធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកនៅកម្ពុជា អាចកាត់បន្ថយ និងអាចប្រកួតប្រជែងជាមួយគេបាន ដើម្បីឱ្យកម្ពុជាមានឱកាសទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជាថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: