ស្ដ្រីអ្នកជំនួញម្នាក់ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកទឹកប្រាក់អស់រាប់លានដុល្លារ
(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។
ការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំងអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews



