សិល្បៈ

តារាចម្រៀង មាស សុខសោភា អំពាវនាវដល់មហាជន​ជួយគាំទ្រផលិតផលខ្មែរ​ ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើន បន្ទាប់ពីអង្ករកម្ពុជាឈ្នះពាន «អង្ករល្អផ្តាច់គេលើពិភពលោក»

BY
Khmerpress
November 19, 2022
តារាចម្រៀង មាស សុខសោភា អំពាវនាវដល់មហាជន​ជួយគាំទ្រផលិតផលខ្មែរ​ ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើន បន្ទាប់ពីអង្ករកម្ពុជាឈ្នះពាន «អង្ករល្អផ្តាច់គេលើពិភពលោក»

(ភ្នំពេញ)៖ នៅមុននេះបន្តិច តារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា បានសម្ដែងក្ដីរីករាយ និងចូលរួមអបអរសាទរ ចំពោះមោទនភាពរបស់ប្រទេសកម្ពុជា ដែលអង្កររបស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១​ ជាអង្ករល្អផ្ដាច់គេលើពិភពលោក (លើកទី៥) នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តភូកេត ប្រទេសថៃ។ ជាមួយនឹងសារអបអរសាទរ នូវសមិទ្ធផលសម្រេចបានយ៉ាងល្អប្រសើរនេះ តារាចម្រៀង មាស សុខសោភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រផលិតផលខ្មែរ ដែលជាស្នាដៃរបស់ខ្មែរ ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។

តារាចម្រៀង មាស សុខសោភា បានថ្លែងឡើងតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «សូមអបអរសាទរ! ដែលប្រទេសកម្ពុជាឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» ពិតជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា និងមោទកភាពរបស់ប្រជាជនខ្មែរ ដែលអង្ករកម្ពុជាបានឈ្នះពានរង្វាន់ «អង្ករល្អផ្តាច់គេលើពិភពលោក» សាជាថ្មី (លើកទី៥) នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានឈ្នះពានរង្វាន់នេះ កាលពីឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៨»។

តារាចម្រៀង ដែលរក្សាបាននូវប្រជាប្រិយភាពមិនចេះរីងស្ងួតរូបនេះ បានបន្ថែមថា «ចំពោះនាងខ្ញុំតែងតែគាំទ្រ និងជួយទិញផលិតផលដែលជារបស់ខ្មែរគ្រប់ពេលផងដែរ។ សូមបងប្អូនខ្មែរទាំងអស់គ្នា ជួយគាំទ្រផលិតផលខ្មែររបស់យើងទាំងអស់គ្នាផង ដើម្បីធ្វើឲ្យសេដ្ឋកិច្ចខ្មែររបស់យើងកាន់តែរីកចម្រើន»។

សម្រាប់តារាចម្រៀងប្រចាំក្នុងផលិតកម្ម «រាម» អ្នកនាង មាស សុខសោភា ត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា ជារឿយៗតារារូបនេះតែងតែចូលរួម ជាមួយសកម្មភាពជួយដល់សង្គម តាមរយៈសារអប់រំពីបញ្ហាផ្សេងៗ, ក្នុងសកម្មភាពការពារបរិស្ថាន សត្វព្រៃ, សកម្មភាពចរាចរ, គ្រឿងញៀន និងការបរិច្ចាគក្នុងសកម្មភាពសប្បុរសធម៌នានាមិនសូវដាច់។ សកម្មភាពទាំងអស់នេះហើយ ត្រូវបានមហាជនមើលឃើញថា នាងជាតារាចម្រៀង មានសកម្មភាពលេចធ្លោជាងគេ ក្នុងការឈឺឆ្អាលរឿងរបស់សង្គមជាតិ តាមរយៈការយកកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈ ជួយផ្សព្វផ្សាយ និងចូលរួមដោយផ្ទាល់។

សូមបញ្ជាក់ថា នៅក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្តភូកេត ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្កររបស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១​ ជាអង្ករល្អផ្ដាច់គេលើពិភពលោក (លើកទី៥)។ នេះជាឆ្នាំទី៥ហើយ ដែលអង្កររបស់កម្ពុជា ទទួលបានជយលាភីអង្ករល្អជាងគេលើពិភពលោក ក្នុងនោះ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: