Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរភាពជោគជ័យនៃកិច្ចប្រជុំ APEC និង G20

    BY Khmerpress November 21, 2022
    សម្តេចតេជោ ហ៊ុន សែន អបអរសាទរភាពជោគជ័យនៃកិច្ចប្រជុំ APEC និង G20

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអេប៉ិច (APEC) ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៉ី នាពេលថ្មីៗនេះ។

    ការអបអររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអេប៉ិច (APEC) ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៉ី នាពេលថ្មីៗនេះផងដែរ ហើយជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន, អេប៉ិច និង G20 ដែលរៀបចំឡើងដោយសមាជិកអាស៊ានក្នុងឆ្នាំនេះ នឹងជាវិភាគទានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និង មជ្ឈភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និង សកល»។

    APC ត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៨ និង ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈ G20 ត្រូវបានរៀបចំឡើងនៅខេត្តបាលី ប្រទេសឥណ្ឌូនេស៉ី នៅថ្ងៃទី១៥​ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

    មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា អាស៊ានបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាសហគមន៍ស្នូលសម្រាប់និម្មាបនកម្មតំបន់។ ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាពិតជាមានមោទនភាព ដែលបានដឹកនាំអាស៊ានចូលរួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានា ដែលតំបន់ កំពុងជួបប្រទះ ហើយបានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: