ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពសម្អាតមីននៅកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពសម្អាតមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។
ពិធីបិទសន្និបាត នាព្រឹកនេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ៕








ប្រភព៖ ក្រសួងព័ត៌មាន