Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ត្រីការសួងការពារជាតិរបស់សហរដ្ឋអាមេរិក នឹងមានជំនួបកំពូលមួយនៅក្នុងខេត្តសៀមរាប

    BY Khmerpress November 22, 2022
    សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ត្រីការសួងការពារជាតិរបស់សហរដ្ឋអាមេរិក នឹងមានជំនួបកំពូលមួយនៅក្នុងខេត្តសៀមរាប

    យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​ឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ជំនួបកំពូលរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ដែលនឹងនាំទៅដល់ស្ថេរភាពនៅក្នុងតំបន់ និងក្នុងពិភពលោក។

    ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ជំនួបកំពូលរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ត្រីករសួងការពារជាតិរបស់សហរដ្ឋអាមេរិក នឹងមានជំនួបនៅក្នុងខេត្តសៀមរាប។ អាចចាត់ទុកថា កម្ពុជា ជាទីកន្លែងនៃការសម្របសម្រួលមួយរវាងមហាអំណាច ដែលនឹងនាំទៅដល់ ស្ថេរភាពនៅក្នុងតំបន់ និងក្នុងពិភពលោក»។ សម្ដេចតេជោសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក និង ចិន នឹងធ្វើកិច្ចការដ៏ល្អនៅក្នុងទឹកដីនៃខេត្តសៀមរាប ដែលសម្ដេចនឹងមានវត្តមាននៅថ្ងៃស្អែកនេះផងដែរ។

    ពាក់ព័ន្ធនិងវិស័យកីឡានេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កីឡាឬក៏អ្វីផ្សេងទៀតក៏ដោយ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ កីឡាក្ដី ឬអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្ដី លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬក៏អ្វីផ្សេងទៀតក៏ដោយ មិនអាចរស់ដោយគ្មានសន្តិភាពនោះទេ។ គេមិនអាចរស់នៅជាមួយនឹងសង្គ្រាមនោះឡើយ។ ដូច្នេះសូមចូលរួមរក្សាសន្តិភាព ដើម្បីយើងទាំងអស់គ្នាអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។

    គួរបញ្ជាក់ដែរថា ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជាការរៀបចំសាកល្បង ដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។ ការប្រកួតកីឡាជាតិលើកទី៣ ត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗ ចំនួន ប្រាំចំណុច រួមមាន៖

    ១-ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាលរួចឱ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងនៅលើទីលាន ដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

    ២-កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត។

    ៣-អាចប៉ាន់ស្មានតម្រូវការទីលាននិងសម្ភារឧបករណ៍បច្ចេកទេស តាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។

    ៤-តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទ ឱ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។

    ៥-ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP) និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឱ្យបាន ត្រឹមត្រូវនិងម៉ឺងម៉ាត់៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: