រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ៖ ថ្ងៃអនាគតអាចនឹងជួយសាងសង់ផ្ទះសំណាញ់ជូនកសិករ ដើម្បីដាំបន្លែប្រកបដោយស្តង់ដា និងសុវត្ថិភាព
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបង្ហាញពីគោលដៅទៅថ្ងៃអនាគត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នឹងពង្រីកផលិតកម្មបន្លែ ជាពិសេសបន្លែមានសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការអ្នកប្រើប្រាស់ ហើយកសិករត្រូវមានផែនការដាំដុះឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
ជាមួយគ្នានេះដែរ ឯកឧត្ដម ឌិត ទីណា បានសង្កត់ធ្ងន់ថា «ផលិតកម្មបន្លែមានសុវត្ថិភាព ត្រូវការផ្ទះសំណាញ់ដែលមានស្តង់ដារបច្ចេកទេស ដូច្នេះដើម្បីជួយឱ្យកសិករអាចផលិតបានតាមតម្រូវការក្រុមហ៊ុនប្រមូលទិញបន្លែគួរជួយសាងសង់ផ្ទះសំណាញ់ជូនកសិករ ដោយអនុវត្តកិច្ចសន្យាកសិកម្ម» ។
ការលើកឡើងរបស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នេះផងដែរ ហាក់ដូចជាបានបង្ហាញពីដំរួយនៃក្ដីសង្ឃឹមថ្មីមួយទៀតរបស់ប្រជាកសិករ ទៅលើរបរដាំបន្លែ ដែលរំពឹងថាទៅថ្ងៃអនាគតទីផ្សារបន្លែក្នុងស្រុកនឹងមានវិសាលភាពទូលំទូលាយ ជាពិសេសគឺមានស្ថេរភាពទៅលើតម្លៃ ៕ ប្រភព៖ ក្រសួងព័ត៌មាន




