Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ១០ខែ អ្នកធ្វើដំណើរតាមផ្លូវអាកាសមាន ១.៧លាននាក់ កើនជាង៧០០% ខណៈជើងហោះហើរមានជិត ២ម៉ឺនជើង កើនជិត១៥០%

    BY Khmerpress November 23, 2022
    ១០ខែ អ្នកធ្វើដំណើរតាមផ្លូវអាកាសមាន ១.៧លាននាក់ កើនជាង៧០០% ខណៈជើងហោះហើរមានជិត ២ម៉ឺនជើង កើនជិត១៥០%

    (ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២២ មានចំនួន ១.៧លាននាក់ គឺមានការកើនឡើងជាង ៧០០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ រយៈពេល១០ខែដូចគ្នា មានចំនួនត្រឹមតែជាង១៦ពាន់នាក់។

    លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា រីឯចំនួនជើងហោះហើរ ក្នុងរយៈពេល១០ខែ ដូចគ្នាគិតត្រឹមបំណាច់ខែតុលា ឆ្នាំ ២០២២ មានចំនួនជិត២ម៉ឺនជើង គឺមានការកើនឡើងជិត១៥០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ រយៈពេល១០ខែដូចគ្នា។ ដោយឡែក ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បើធៀបនឹងរយៈពេល១០ខែដូចគ្នា ទៅនឹងឆ្នាំ២០២១ គឺមានការថយចុះប្រមាណជាង ១៨ភាគរយ ដោយសារមូលហេតុផ្សេងៗ។

    លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងផងដែរថា ការព្យាករណ៍ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា មានការកើនឡើងកាន់តែប្រសើរឡើងពីមួយខែ ទៅមួយខែ ហើយនឹងអាចត្រឡប់មកដូចដើមដូចនៅឆ្នាំ២០១៩ មុនកូវីដ១៩ នៅចុងឆ្នាំ២០២៣ ឬនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បើសិនជាគ្មាននូវបញ្ហាសកលអ្វីៗ ដែលបានកើតឡើងទេនោះ។

    បន្ថែមពីនោះទៀត លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ គិតត្រឹមខែតុលានេះ ពិនិត្យឃើញថា មានការតភ្ជាប់ក្រុមហ៊ុនអាកាសចរឡើងវិញចំនួន២៧ក្រុមហ៊ុន ក្នុងនោះឃើញថា មានការបន្ថែមជើងហោះហើរ ជាបណ្តើរៗ របស់ក្រុមហ៊ុនទាំងនោះ ហើយក៏មានការកើនឡើងអ្នកដំណើរជាលំដាប់ពីមួយខែទៅមួយខែ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: