ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករនៅឆ្នាំ២០២៣ ឱ្យបានចំនួន ៧៥ម៉ឺនតោន និង១លានតោននៅក្នុងឆ្នាំ២០២៥

BY
Khmerpress
November 24, 2022
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករនៅឆ្នាំ២០២៣ ឱ្យបានចំនួន ៧៥ម៉ឺនតោន និង១លានតោននៅក្នុងឆ្នាំ២០២៥

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករនៅឆ្នាំ២០២៣ខាងមុខនេះ យ៉ាងហោចណាស់ត្រូវកំណត់ឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោននៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONSORTIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ តាមរយៈការរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី លោក H.E Andreas Zurbrugg អនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ត្រាលី លោក ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ, ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់អាណត្តិទី៤នេះ ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្មដែលជាអាណាព្យាបាលបច្ចេកទេស សហព័ន្ធស្រូវអង្ករ បានដាក់ចេញនូវផែនការរបស់ខ្លួន ដោយផ្តោតលើសរសរស្តម្ភចំនួន ៤ ដូចខាងក្រោម៖

ទី១. អភិបាលកិច្ច៖ បន្តពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព។
ទី២. ជំរុញផលិតកម្មពូជស្រូវ៖ បន្តនិងចូលរួមសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលនយោបាយជំរុញការផលិតពូជស្រូវ និងចែកចាយដល់ប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្ម ដើម្បីធានាបាននូវតម្លៃស្រូវ។
ទី៣. ទីផ្សារ៖ ជំរុញការនាំចេញ ដោយរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ ដែលកំណត់យកឆ្នាំ២០២៣ ឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោននៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONSORTIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ។
ទី៤. ការស្រាវជ្រាវ និងអភិវឌ្ឍន៍៖ រៀបចំឱ្យមានមូលនិធិឯកជនរបស់សហព័ន្ធស្រូវអង្ករបន្ថែម ដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍លើប្រភេទពូជស្រូវ ដែលអាចឆ្លើយតបការប្រែប្រួលបរិយាកាស ទីផ្សារ និងទិន្នផល។ បន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការដាំដុះ ការកិនកែច្នៃ និងជំរុញឱ្យមានស្តង់ដារតម្រូវគ្រប់ប្រភេទរបស់រោងម៉ាស៊ីនកិនស្រូវក្នុងការនាំចេញ។

លោកមានប្រសាសន៍ទៀតថា សម្រាប់រយៈពេល ៣ឆ្នាំ នៃអាណត្តិទី៣ នេះរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ទោះស្ថានការណ៍នៃកូវីដ-១៩ ក្រសួងពាណិជ្ជកម្មបានឃើញនូវវឌ្ឍនភាពសំខាន់ៗ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានសម្រេចការងារ មួយចំនួនដូចជាបានពង្រឹងបាននូវមូលដ្ឋានដឹកនាំរបស់សហព័ន្ធ ដែលរៀបចំបាននូវការិយាល័យអចិន្ត្រៃយ៍ ការធ្វើប្រព័ន្ធប្រតិបត្តិការងារមានស្តង់ដារ ISO 9001:2015, ការរៀបចំ គណនេយ្យភាពលើប្រព័ន្ធហិរញ្ញវត្ថុ ដោយមានសវនកម្មច្បាស់លាស់ពីសវនករឯករាជ្យ, ការសម្របសម្រួល និងសហប្រតិបត្តិការគ្រប់ស្ថាប័នរដ្ឋ និងអង្គការដៃគូអភិវឌ្ឍន៍នានា និងជាដៃគូរយ៉ាងពេញលេញជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានការជួយសម្រួលដល់ចរាចរអង្ករនៅតាមតំបន់ដែលការបិទខ្ទប់ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅគ្រប់ភូមិសាស្ត្រ និងការរក្សាបាននូវស្ថិរភាពតម្លៃស្រូវ អង្ករលើទីផ្សារ។

ជាមួយគ្នានេះ បានចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចរចាពង្រីកទីផ្សារនាំចេញ និងការសម្របសម្រួលលើអនុស្សរណៈយោគយល់ MOU ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។ ការធ្វើបច្ចុប្បន្នភាពជាប្រចាំលើសន្ទុះតម្លៃ អង្ករ ស្រូវ ក្នុងស្រុក និងសម្រាប់នាំចេញ ដើម្បីផ្សព្វផ្សាយជូនសមាជិក និងប្រជាកសិករ និងជាអ្នកសម្របសម្រួលលើការនាំអង្ករចេញរបស់រាជរដ្ឋាភិបាលទៅកាន់ប្រទេសគុយបា ចំនួន ៦ពាន់តោន។

សូមបញ្ជាក់ថា ចំពោះលទ្ធផលនៃការរៀបចំបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកចំនួន ១៣៣ រូប បានបោះឆ្នោតជ្រើសរើស ដោយប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ បានទទួលទៅលើ ឧកញ៉ា ចាន់ សុឃាំង ទទួលបានសំឡេង ១២៨សម្លេង។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលលើ ឧកញ៉ា សុង សារ៉ន បានសំឡេង ២៤ លើ ២៥រូប នៃចំនួនក្រុមប្រឹក្សាភិបាលទាំងអស់ ,សមាជិកក្រុមប្រឹក្សាភិបាលចំនួន ២៥រូប ដែលទទួលបានបោះឆ្នោតទទួលបានសំឡេងគ្រាំទ្រពីសមាជិក សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣រូប ដែលបានជ្រើសរើសដោយសហគមន៍ និង ដើម្បីឱ្យសហព័ន្ធកាន់តែមានគុណភាពការងារ សហព័ន្ធបានរៀបចំនូវក្រុមប្រឹក្សាភិបាលផ្តល់យោបល់ និងគោលនយោបាយ ដែលមានសមាភាពចម្រុះចំនួន ០៩រូប។

សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងក្រោមកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៤ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម ដែលជាដៃគូរាជរដ្ឋាភិបាលតែមួយគត់ក្នុងការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរហូតដល់ពេលនេះមានរយៈពេល ៩ឆ្នាំ។ សម្រាប់អាណត្តិទី៣ ដែលបានបោះឆ្នោតរៀបចំថ្នាក់ដឹកនាំ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដែលមានការកែសម្រួលរចនាសម្ព័ន្ធថ្នាក់ដឹកនាំ ដោយមានការបែងចែកការងារប្រតិបត្តិ និងការត្រួតពិនិត្យ (Check and Balance) ដែលមានប្រធានសហព័ន្ធ ដែលជាតួអង្គដឹកនាំការងារប្រតិបត្តិ ដឹកនាំដោយ ឧកញ៉ា សុង សារ៉ន និងក្រុមប្រឹក្សាភិបាល ដែលមានសមាភាពសរុបចំនួន ២៥រូប ដែលមានប្រធានដឹកនាំដោយ ឧកញ៉ា ហ៊ុន ឡាក់ ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃអាណត្តិទី៣ ក៏ជាថ្ងៃចាប់ផ្តើមនៃអាណត្តិទី៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: