ព័ត៌មានជាតិ

ឈ្មួញវៀតណាមសម្រុកមកទិញស្រូវ នៅចំណតទូកព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ពី១០០០តោន ទៅ២០០០តោន ក្នុងមួយថ្ងៃៗ

BY
Khmerpress
November 24, 2022
ឈ្មួញវៀតណាមសម្រុកមកទិញស្រូវ នៅចំណតទូកព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ពី១០០០តោន ទៅ២០០០តោន ក្នុងមួយថ្ងៃៗ

(ស្វាយរៀង)៖ មានទូកឈ្មួញវៀតណាមរាប់សិបគ្រឿងសម្រុកចូលមកទិញស្រូវខ្មែរ តាមផ្លូវទឹកនៅចំណុចប្រឡាយទាហ៊ាន ស្លាបប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ដោយ១ថ្ងៃពី១០០០ ទៅ២០០០តោន ក៏ប៉ុន្តែកសិករអ្នកផលិតបានត្អូញត្អែរថា ឈ្មួញអ្នកប្រមូលទិញស្រូវឲ្យតម្លៃទាប ស្រូវចម្រុះក្នុង១គីឡូក្រាម ត្រឹមតែ ៨០០រៀលទៅ៩៥០រៀលប៉ុណ្ណោះ។

លោក ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានថ្លែងប្រាប់ភ្នាក់ងារ Fresh news ឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា មានទូកឈ្មួញវៀតណាមឡើងមកទិញស្រូវពីប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញខ្មែរក្នុងមួយថ្ងៃចាប់ពី ១០០០ តោនទៅ២០០០តោន តាមប្រឡាយទឹក ស្លាបច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងឃុំថ្មី ដោយក្នុង១រថយន្តចំណុះ៧០តោន។

ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញវៀតណាមបានចូលទូក កាណូតប៉ុកចៃ មកទិញស្រូវខ្មែរ នៅចំណតទូក ប្រឡាយទាហ៊ាន ស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោទិ៍។ ឈ្មួញអ្នកប្រមូលទិញស្រូវ ពីប្រជាកសិករផ្ទាល់ បានឲ្យតម្លៃស្រូវចម្រុះ «ស្រូវ ខា ៥៤ ឬស្រូវស្រាលបាយរឹង» ស្រូវសើម ក្នុង១គីឡូ ក្រាម៨០០រៀល ទៅ៩៥០រៀល។ បើដឹកមកដល់ចំណតទូក វៀតណាមទិញក្នុង១គីឡូក្រាម១,១០០រៀល ចំពោះស្រូវក្រអូប ទិញពីកសិករផ្ទាល់១គីឡូក្រាម១,០៥០ ទៅ១,១០០រៀល លក់ឲ្យឈ្មួញវៀតណាមតម្លៃ ១គីឡូក្រាមតម្លៃ១,២០០ទៅ១,៣០០រៀល។

បើតាមអាជីវករអ្នកប្រមូលទិញស្រូវពីកសិករផ្ទាល់ បានលើឡើងថា បញ្ហាពួកគេប្រមូលទិញស្រូវពីកសិករផ្ទាល់ឲ្យតម្លៃទាប ដោយចំណាយតាមផ្លូវច្រើន គិតថ្លៃឈ្នួលរថយន្តដឹក ថ្លៃកម្មករលើកដាក់រថយន្ត លើកចុះទូក និងបង់សេវាសមត្ថកិច្ចតាមផ្លូវនិងចំណតទូក ដូច្នេះត្រូវចំណាយច្រើន។ បើកសិករ យកមកលក់ផ្ទាល់ដល់ចំណតទូកវៀតណាម ទិញស្រូវចម្រុះ១គីឡូក្រាមតម្លៃ១,១០០រៀល ស្រូវក្រអូបស្ងួត១គីឡូតម្លៃ១,៣០០រៀល។

ពាក់ព័ន្ធនឹងការនាំស្រូវទៅលក់នៅប្រទេសវៀតណាមនេះ អង្គភាព Fresh News មិនអាចទំនាក់ទំនងទៅប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងបានទេ ដោយចាប់តាំងពីលោក សុខ សុទ្ធាវុធ ឡើងកាន់តំណែងជាប្រធានមន្ទីរ រាល់ការទំនាក់ទំនងព័ត៌មាន គឺមានការលំបាកខ្លាំងណាស់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: