ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ក្នុងការសិក្សាលទ្ធភាពកំណត់ឆ្នាំផលិតរថយន្ដនាំចូលកម្ពុជា

BY
Khmerpress
November 29, 2022
សម្ដេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ក្នុងការសិក្សាលទ្ធភាពកំណត់ឆ្នាំផលិតរថយន្ដនាំចូលកម្ពុជា

រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានផ្តល់អនុសាសន៍ក្នុងការសិក្សាលទ្ធភាពកំណត់ ឆ្នាំផលិតរថយន្ដនាំចូលកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យដល់អ្នកប្រើប្រាស់។

ថ្លែងក្នុងកិច្ចប្រជុំឆ្លងលើពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់រយៈពេល១០ឆ្នាំ បន្ត ឆ្នាំ២០២១-២០៣០ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចក្រឡាហោម ស ខេង បានចូលរួមផ្តល់នូវមតិ យោបល់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យគម្រោងផែនការ កាន់តែមានអត្ថន័យគ្រប់គ្រាន់ និងគ្រប់ ជ្រុងជ្រោយ ដែលមានកត្តាចម្បងៗដូចជា ជំរុញការបង្កើតចំណតសាធារណៈ និងឯកជន ជាពិសេសតាមទី កន្លែងផ្តល់សេវាកម្មនានា (ភោជនីយដ្ឋាន ហាងលក់ទំនិញ…) ពិនិត្យលទ្ធភាពលើករណីកំណត់អាយុកាល នៃរថយន្តមួយទឹកសម្រាប់នាំចូលនិងកំណត់អាយុកាលនៃរថយន្តដែលអនុញ្ញាតឱ្យបើកបរ ពង្រឹងសមត្ថភាព មន្ត្រីជំនាញលើការងារអនុវត្តច្បាប់ រឹតបន្តឹងការផ្ទេរក្របខណ្ឌការងារពីមន្ត្រីស៊ីវិល មកជាកងកម្លាំងសមត្ថកិច្ច និងតម្រូវឱ្យមានការធ្វើតេស្តសុខភាព ជាពិសេសតេស្តរកសារធាតុញៀន មុនពេលចូលបម្រើការងារ និង លើកកម្ពស់សមត្ថភាព និងគុណភាព ការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តន៍ច្បាប់ ដែលវានឹងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សផងដែរ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដែលបានផ្ដល់មតិយោបល់ល្អៗជាច្រើន សំដៅចូលរួមចំណែកកែលម្អ ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ -២០៣០ ឱ្យកាន់តែមានភាពប្រសើរឡើង។ សម្ដេច ក៏បានផ្តល់អនុសាសន៍ដល់ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ត្រូវបន្ដនិតិវិធី ពិនិត្យឯកសារនេះបន្ថែមទៀត ដើម្បីយកទៅអនុវត្ត កាន់តែមានប្រសិទ្ធភាព និងត្រូវផ្សព្វផ្សាយឱ្យសាធារណៈបានយល់ដឹងទូលំទូលាយ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់នូវមតិយោបល់ សំដៅចូលរួមបន្ថែមនូវអត្ថន័យ ក្នុងសសរស្តម្ភទាំង៦ នៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលរួម មានដូចជា៖ កំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក ជំរុញការផ្លាស់ប្តូរផ្លាកលេខឡានដែលគ្មានQR Code ពង្រឹងនិតិវីធីនៃការប្រឡងយកបណ្ណបើកបរ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងបញ្ចូលការងារ កញ្ចប់ថវិកាទាក់ទងនឹងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងបរិក្ខារត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកា ជួសជុលស្ថាបនាផ្លូវថ្នល់ នាពេលអនាគត៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: