Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ ចេញលិខិតពីការចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    BY Khmerpress November 30, 2022
    ក្រសួងវប្បធម៌ ចេញលិខិតពីការចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

    នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ លើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបា នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូតាមសេចក្ដីសម្រេច17.COM 7.b.1។

    ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារនិង លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។

    ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណនិងជាព្រលឹងជាតិដែល បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។

    ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូមអំពាវនាវដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយបន្តចូលរួម ថែរក្សាការពារ និងលើកតម្កើងតម្លៃមត៌កវប្បធម៌ជាតិឲ្យសម្រេចបានជោគជ័យនិងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍ ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post: