រដ្ឋបាលខេត្តកោះកុង នឹងផ្ដល់កន្លែងស្នាក់នៅ ជូនសិស្សានុសិស្សខ្វះខាតឥតគិតថ្លៃ ដែលចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
- BY
- Khmerpress
- December 2, 2022
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្ដីជូនដំណឹង ស្តីពីការផ្ដល់កន្លែងស្នាក់នៅ ជូនសិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។
រដ្ឋបាលខេត្តកោះកុង មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់មាតាបិតា អាណាព្យាបាលសិស្ស និង ប្អូនៗសិស្សានុសិស្ស ដែលនឹងត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខជ្រាបថា៖
ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រដ្ឋបាលខេត្តកោះកុងសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) បានត្រៀមលក្ខណៈជួយសម្រួលផ្ដល់កន្លែងស្នាក់នៅ ជូនដល់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែលអញ្ជើញមកពីបណ្តាស្រុកក្នុងខេត្តកោះកុង ដែល មានការខ្វះខាត បានស្នាក់នៅដោយឥតគិតថ្លៃ នៅទីតាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង)។
សូម មាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សដែលមានបំណងស្នាក់នៅទីតាំងខាងលើ ដោយឥតគិតថ្លៃ ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ ០១៦ ៣២ ៩៧ ៨៧ / ០៩៧ ៨២ ៧១ ០៤៤។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម មាតាបិតា អាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស ជ្រាបជាព័ត៌មាន៕
- Share This Post: