Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ប្រាប់សន្និសីទអនាគតអាស៊ីថា កម្ពុជាមិនទាមទារភាពអនុគ្រោះពន្ធ ២០ភាគរយ ពីសហភាពអឺរ៉ុបនោះឡើយ

    BY Khmerpress May 20, 2021
    សម្តេចតេជោ ប្រាប់សន្និសីទអនាគតអាស៊ីថា កម្ពុជាមិនទាមទារភាពអនុគ្រោះពន្ធ ២០ភាគរយ ពីសហភាពអឺរ៉ុបនោះឡើយ

    (ភ្នំពេញ)៖ ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុនតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាមិនទាមទារនូវភាពអនុគ្រោះពន្ធប្រមាណ ២០ភាគរយ ពីសហភាពអឺរ៉ុបនោះឡើយ។

    ឆ្លើយតបសំណួរអ្នកសម្របសម្រួលកម្មវិធីពីផលប៉ះពាល់ដោយការដកភាពអនុគ្រោះពន្ធ២០ភាគរយនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការរាតត្បាតជំងឺកូវីដ១៩ ការដកភាពអនុគ្រោះពន្ធធ្វើឱ្យប៉ះពាល់បន្តិចបន្តួចដល់សេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែក្រោយពេលមានវិបត្តិជំងឺកូវីដ១៩ ភាពអនុគ្រោះពន្ធ ២០ភាគរយ ដែលសហភាពអឺរ៉ុប បានដកនេះ អនុភាពអ្វីលើសេដ្ឋកិច្ចកម្ពុជានោះឡើយ។

    ក្នុងសន្និសីទអន្តរជាតិ ដែលមានការចូលរួមពីបណ្តាមេដឹកនាំ និងអង្គការពាក់ព័ន្ធនៅក្នុងតំបន់អាស៊ីនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុប គឺជារឿងដ៏អយុត្តិធម៌ ហើយមិនឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងប្រទេសកម្ពុជានោះឡើយ។

    សម្តេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំមិនជំទាស់ ហើយក៏មិនទាមទារត្រឡប់មកវិញនូវភាពអនុគ្រោះ ២០ភាគរយនោះទេ។ កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការមិនវិលត្រឡប់មកវិញនូវភាពអនុគ្រោះពីសហភាពអឺរ៉ុប ដោយមិនធ្វើការចរចា មិនប្រឆាំងតវ៉ា ឬជំទាស់ការអនុវត្តសេចក្តីសម្រេចរបស់ពួកគេទេ»។

    សម្តេចតេជោ បន្ថែមថា «យើង បន្តនាំចេញទំនិញ២០ភាគរយទៅកាន់សហភាពអឺរ៉ុប ដោយធ្វើការបង់ពន្ធជាធម្មតា។ យើងមានការលំបាក ក៏ប៉ុន្តែយើងមិនអាចទទួលយកបាន នូវការដែលប្រទេសមួយមិនអាចអនុវត្តច្បាប់របស់ខ្លួនឯងបាន។ តើយើងជារដ្ឋទេ រដ្ឋឯករាជ្យ និងអធិបតេយ្យ គឺជារដ្ឋដែលត្រូវអនុវត្តច្បាប់ដោយខ្លួនឯងបាន។ បើយើងមិនអាចអនុវត្តច្បាប់ដោយខ្លួនឯងបាន យើងគួរតែរំលាយរដ្ឋនឹងចោល ហើយដាក់ចំណុះប្រទេសដទៃទៅ»។

    ឆ្លៀតក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជានៅតែបន្តរក្សានូវរបបនយោបាយរបស់ខ្លួន គឺរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខ នឹងមានគណបក្សនយោបាយជាច្រើនចូលរួម។

    សម្តេចតេជោ ក៏បានឆ្លៀតផ្តាំទៅកាន់សហភាពអឺរ៉ុបដែរថា ក្នុងបរិការណ៍នៃការរាតត្បាតដោយជំងឺកូវីដ១៩នេះ ប្រទេសទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហា ជាជាងការប្រកាន់ឥរិយាបថគាំពារនិយម ហើយយកបញ្ហានេះទៅកៀបសង្កត់ប្រទេសដទៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: