BREAKING: ក្រសួងសុខាភិបាល បញ្ជាក់លម្អិតអំពីករណីបាត់បង់ជីវិតជាច្រើននាក់ដោយសារពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្ដាល
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មាន ជុំវិញករណីស្លាប់បណ្ដាលមកពីពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍មកមន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រសួងសុខាភិបាល ថាមានករណីស្លាប់ចំនួន២នាក់កើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ហើយភ្លាមៗនោះ មន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយ នគរបាលស្រុក នគរបាល ឃុំ មេឃុំ និងក្រុមកោសល្យវិច័យ នៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្តរហ័សដើម្បីរកវីរុសកូវីដ-១៩ ហើយលទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ។
នាយប់ថ្ងៃដដែលនេះ ក្រុមការងារ បានបន្តការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុដែលបណ្តាល ឱ្យមានបញ្ហាសុខភាព និងស្លាប់ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុងភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
លទ្ធផល នៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្តើមឡើង ដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែកសន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែឧសភានេះ មានករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួន២ គឺភូមិតាស្គរភូមិក្តីកណ្ដាល ឃុំសារិកាកែ ស្រុកល្វាឯម
ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួន នូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសាស្រា ដែលផលិត ឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រា និងទីតាំងផលិតចែកចាយស្រាទាំង២កន្លែង ក្នុងតំបន់គោលដៅដែលកើតមាននូវករណីខាងលើ។ បន្តតាមដាន និងអប់រំប្រជាជនទូទៅ អំពីអនាម័យចំណីអាហារ ចេះការពារខ្លួន កុំឲ្យមានការពុលស្រា ដោយមានចែកជូននូវសារអប់រំជាដើម។
លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួលបានសំណាកស្រា ២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក ដែលមានសារធាតុមេតាណុល (Metfanp) លើសកម្រិតធំជាង០,៥ភាគរយ (>0,៥%) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ស្លាប់នៅភូមិទាំង២ខាងលើ បានកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ ហើយនាពេលកន្លងមកក៏មានករណីពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។
ក្រសួងសុខាភិបាល សូមឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រា ដែលយកមេតាណុលមកលាយ (ហាមដាច់ខាត)។ បើនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬជំងឺសូមប្រញាប់ទៅកាន់ មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews