សេតវិមាន ថ្កោលទោសលោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យរំលាយរដ្ឋធម្មនុញ្ញអាមេរិក
(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការអំពាវនាវឱ្យ «រំលាយរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។
ការអំពាវនាវខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ជាមួយការអះអាងជាថ្មីថាលោកជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោក ត្រាំ បានគូសបញ្ជាក់ ដូច្នេះថា «ការលួចបន្លំដ៏សម្បើមនេះអនុញ្ញាតសម្រាប់ការរំលាយនូវរាល់ច្បាប់ បទបញ្ញត្តិ និងមាត្រាទាំងឡាយដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ… ស្ថាបនិក របស់យើងមិនចង់ ហើយក៏នឹងមិនអត់ឱនឱ្យការបោកប្រាស់ និងលួចបន្លំការបោះឆ្នោតនោះទេ»។
ជុំវិញការកត់សម្គាល់នេះដែរ ខាងសេតវិមានរបស់លោក ចូ បៃដិន តាមរយៈអ្នកនាំពាក្យ លោក Andrew Bates បានចេញមុខថ្កោលទោសយ៉ាងខ្លាំង។ លោក Andrew Bates បានសង្កត់ធ្ងន់ថារដ្ឋធម្មនុញ្ញអាមេរិក គឺជាឯកសារដ៏ពិសិដ្ឋមិនអាចបំពានបាន ដែលបង្រួបង្រួមប្រជាជនអាមេរិក ហើយថា ការវាយប្រហារលើរដ្ឋធម្មនុញ្ញ គួរតែត្រូវបានថ្កោលទោសជាសកល៕ ផ្តល់សិទ្ធិដោយ៖ freshnews

