ព័ត៌មានជាតិ May 20, 2021

អភិបាលខេត្តកំពង់ចាម ពន្លឿនពង្រីកមណ្ឌលចត្តាឡីស័ក ខណៈមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងគួរឱ្យព្រួយបារម្ភណ៍

Khmerpress

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានពន្លឿនពង្រីកមណ្ឌលចត្តាឡីស័កង និសម្ដែងការព្រួយបារម្ភ ខណៈពេលមានកម្មករ-កម្មការិនី រោងចក្រ បានឆ្លងជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់។

លោកអភិបាលខេត្ត បានថ្លែងថា ចំនួនអ្នកឆ្លងកូវីដ១៩ រយៈពេល១ថ្ងៃ មានចំនួន ៥២នាក់ ដែលជាតួលេខមួយខ្ពស់សម្រាប់ខេត្តកំពង់ចាម។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រូពេទ្យកងយុទ្ធពលខេមរភូមិន្ទ នៅមន្ទីរពេទ្យ៧D ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា មានរោងចក្រចំនួន៤ មានកម្មករសរុបប្រមាណជា ២ម៉ឺននាក់ កំពុងតែប្រឈម នឹងការចម្លងជំងឺកូវីដ១៩នេះ ព្រោះជាកន្លែងជួបជុំ ហើយក៏ជាប្រភពនៃការធ្វើឱ្យមានឆ្លងជំងឺកូវីដ១៩ ច្រើនផងដែរ។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត ក៏បានសម្រេចបិទដោយផ្នែកនៃរោងចក្រ២ ដោយឡែករោងចក្រ២ទៀត ត្រូវបានផ្អាកដំណើរការរយៈពេល ១៤ថ្ងៃ។ លោកអភិបាលខេត្ត បានឱ្យដឹងផងដែរថា បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការប្រមូលអ្នកដែលពាក់ព័ន្ធ យកមកធ្វើតេស្តរហ័ស ដើម្បីស្វែងរកលទ្ធផលអ្នកឆ្លងកូវីដ១៩ បន្តទៀត ហើយការកើនឡើងជាបន្តបន្ទាប់ នៃជំងឺកូវីដ១៩នេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យអាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យកាន់តែមមាញឹក ដើម្បីដោះស្រាយទុក្ខកង្វល់នោះជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា បន្ទាប់ពីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យកងយុទ្ធពលខេមរភូមិន្ទ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមបណ្ដា ស្រុកមួយចំនួន ដើម្បីពន្លឿនអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រីកមណ្ឌលធ្វើចត្តាឡីស័ក បន្ថែម និងពង្រឹងការងារតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews