អាជ្ញាធរថៃ ចុះរឹបអូស សាច់កែច្នៃនិងគ្រឿងក្នុង ប្រមាណ២៥តោន ដែលដាក់ត្រាំសារធាតុហ្វ័រម៉ាលីន ហើយត្រៀមយកទៅចែកចាយនៅហាង BBQ រាប់សិបកន្លែង
(ថៃ)៖ មន្ត្រីនៃនាយកដ្ឋានបសុសត្វថៃ បានរឹបអូសសាច់កែច្នៃ និងគ្រឿងក្នុងប្រមាណជា ២៥តោន ដែលដាក់ត្រាំក្នុងសារធាតុហ្វ័រម៉ាលីន ពីរោងចក្រកែច្នៃចំណីអាហារខុសច្បាប់មួយកន្លែងក្នុងខេត្តChon Buri ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thaipbsworld កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។
លោក Somchuan Ratanamungklanon ប្រធាននាយកដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាសាច់ដែលរឹបអូសបាននោះត្រូវបានបម្រុងទុកសម្រាប់ហាងសាច់អាំង ជាង ៦០កន្លែងផ្សេងគ្នានៅទូទាំងខេត្ត Chon Buri។ លោកបានបន្តថា ការចុះបង្ក្រាបនេះកើតឡើងដោយមានការត្អូញត្អែរពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ដោយមានជះក្លិនស្អុយចេញពីរោងចក្រ។ ពួកគេក៏បានសម្តែងការព្រួយបារម្ភថា កន្លែងនេះអាចនឹងឆ្លងមេរោគក្នុងសហគមន៍របស់ពួកគេ។
មន្ត្រីជំនាញបានចុះត្រួតពិនិត្យរោងចក្របណ្ដោះយ៉ាងម៉ត់ចត់ ហើយបានរកឃើញធុងដាក់សាច់ និងគ្រឿងក្នុងជាង៥០ ដែលកំពុងត្រាំទឹកដែលមានផ្ទុកសារធាតុហ្វ័រម៉ាលីន ២៥លីត្រ ហើយនិងបង្កាន់ដៃជាង ២៣០០ បង្ហាញឈ្មោះអតិថិជន និងបរិមាណផលិតផលសាច់ដែលត្រៀមលក់ឱ្យអតិថិជនទាំងនោះ។ លោក Somchuan បាននិយាយថាសំណាកផលិតផលសាច់នឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ ហើយផលិតផលដែលនៅសេសសល់នឹងត្រូវរក្សាទុកនៅនឹងកន្លែង។ មន្ត្រីជំនាញបានបញ្ជាឱ្យម្ចាស់រោងចក្របញ្ជូនឯកសារច្បាប់ និងអាជ្ញាប័ណ្ណប្រតិបត្តិការទៅនាយកដ្ឋានបសុសត្វក្នុងរយៈពេល១៥ថ្ងៃ។ ប្រសិនបើពួកគេមិនបញ្ជូនឯកសារត្រឹមត្រូវទេ សាច់ដែលរឹបអូសនោះនឹងត្រូវបោះចោលដោយកប់ ឬដុតទាំងអស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


