ព័ត៌មានអន្តរជាតិ December 8, 2022

វៀតណាមគ្រោងធ្វើការផ្លាស់ប្តូរប្រព័ន្ធការពារជាតិទ្រង់ទ្រាយធំមួយ ដើម្បីកាត់បន្ថយការទិញអាវុធពីរុស្ស៊ីនិងងាកមកជំរុញការផលិតអាវុធនៅក្នុងស្រុក

Khmerpress

វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងនឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធការពារប្រទេសទ្រង់ទ្រាយធំមួយដើម្បីជួយឲ្យវៀតណាមអាចកាត់បន្ថយការពឹងផ្អែកលើការទិញគ្រឿងសព្វាវុធពីប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះ។ ទន្ទឹមគ្នានេះវៀតណាមក៏បានដាក់ចេញនូវផែនការជំរុញឲ្យមានការផលិតអាវុធមួយចំនួននៅក្នុងស្រុកសម្រាប់ចេញទៅលក់នៅតាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី និងអាហ្រ្វិកផងដែរ។

ប្រភពខាងលើបានបន្តថា វៀតណាមគឺជាប្រទេសដែលមានតម្រូវការទិញគ្រឿងសព្វាវុធធំបំផុតលំដាប់ទី ២០នៅលើពិភពលោក ដោយក្នុងមួយឆ្នាំៗវៀតណាមមានគម្រោងទិញគ្រឿងសព្វាវុធផ្សេងៗក្នុងទំហំទឹកប្រាក់ប្រមាណជា ១ពាន់លានដុល្លារ ខណៈភាគច្រើននៃកញ្ចប់ថវិកាទាំងនោះគឺបានហូរទៅកាន់ប្រទេសរុស្ស៊ី។ យ៉ាងណាក្តី នៅក្នុងអំឡុងពេលនេះប្រទេសរុស្ស៊ីកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងការធ្វើសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យចង្វាក់នៃការផលិតនិងផ្គត់ផ្គង់អាវុធរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសជាច្រើនត្រូវរាំងស្ទះយ៉ាងខ្លាំង ខណៈគេក៏មិនអាចស្មានដឹងថា ពេលពេលទើបសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឹងត្រូវបិទបញ្ចាប់ដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត