ព័ត៌មានជាតិ

ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ចាប់ពីផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣

BY
Khmerpress
December 9, 2022
ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ចាប់ពីផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២នេះ ថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ ២០២៣ខាងមុខ។

ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើគឺការធ្វើនិតិវិធី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ការជ្រើសរើសក្រុមហ៊ុនដើម្បីធ្វើការសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់។ ស្ពាននេះសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។

ក្នុងនាមក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាន ដែលមានដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ អរិយក្សត្រនេះ សូមមេត្តាចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើនិតិវិធីដោះស្រាយផលប៉ះពាល់ ដើម្បីសម្រួលឱ្យការអនុវត្តការសាងសង់ស្ពាននេះ ប្រព្រឹត្តទៅដោយរលូន ជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូល។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខា រួចហើយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

Share This Post: