Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានគយ ជូនដំណឹងដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច សូមប្រញាប់ទៅបង់ពន្ធនៅត្រឹមដំណាច់ខែធ្នូនេះ

    BY Khmerpress December 13, 2022
    អគ្គនាយកដ្ឋានគយ ជូនដំណឹងដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច សូមប្រញាប់ទៅបង់ពន្ធនៅត្រឹមដំណាច់ខែធ្នូនេះ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅក្នុងដែលបានចុះបញ្ជីរួច ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ពោលគឺយ៉ាងយូរនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីជៀសវាងការបង្រ្កាបជាយថាហេតុណាមួយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២២នេះ។

    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជម្រាបម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចថា អនុលោមតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករត្រូវបានពន្យារពេលរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ គិតមកដល់ពេលនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថាម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗភាគច្រើនលើសលុប បានចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាកររួចរាល់ ប៉ុន្តែ ម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួចមួយចំនួននៅមិនទាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនៅឡើយ។

    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានក្រើនរំលឹកលើកចុងក្រោយ ដល់ម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនការកំណត់ជាកំហិត។

    រថយន្តគ្រប់ប្រភេទ រួមទាំងរថយន្តដែលបានចុះបញ្ជីរួចហើយមិនទាន់បំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមឱសានវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: