ទីបំផុតកូរ៉េខាងត្បូងអនុម័តឲ្យប្រើវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិកហើយ
(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ខណៈករណីឆ្លងជំងឺនេះរាប់រយនាក់ នៅតែត្រូវបានរាយការណ៍ក្នុងមួយថ្ងៃៗ នៅទូទាំងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពឱសថ នៃប្រទេសកូរ៉េខាងត្បូង លោក គីម ហ្គាងលីព (kim Gang-lip) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ក្នុងការបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង។ ការអនុម័តត្រូវបានលោករដ្ឋមន្ត្រីរូបនេះគូសបញ្ជាក់ថា ត្រូវបានធ្វើឡើងដោយយោងទៅលើ លទ្ធផលធ្វើតេស្តប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា Moderna គឺជាវ៉ាក់សាំងទី ៤ ហើយដែលប្រទេសកូរ៉េខាងត្បូង បានអនុម័តឲ្យប្រើជាផ្លូវការក្នុងករណីបន្ទាន់ បន្ទាប់វ៉ាក់សាំង AstraZeneca, Pfizer និង Johnson & Johnson។ ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុន Moderna បានចុះកិច្ចព្រមព្រៀងមួយរួចទៅហើយ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងសរុប ៤០លានដូស។ គិតត្រឹមពេលនេះ កូរ៉េខាងត្បូងបានបញ្ជាទិញ វ៉ាក់សាំងពីក្រុមហ៊ុនទាំង ៤ នេះសរុបចូលគ្នាចំនួន ១៩២លានដូសហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews