Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្ឌិត សុខ ទូច៖ ៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិន ជាជនជាតិខ្មែរ ដោយទទួលការបណ្តុះបណ្តាលពេញលេញទាំងសមត្ថភាព និងចំណេះដឹងគរុកោសល្យច្បាស់លាស់

    BY Khmerpress December 23, 2022
    បណ្ឌិត សុខ ទូច៖ ៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិន ជាជនជាតិខ្មែរ ដោយទទួលការបណ្តុះបណ្តាលពេញលេញទាំងសមត្ថភាព និងចំណេះដឹងគរុកោសល្យច្បាស់លាស់

    (ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា នៅក្នុងរយៈពេល៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរ ដោយទទួលបានការបណ្តុះបណ្តាលពេញលេញ ប្រកបដោយសមត្ថភាព ជាមួយនឹងចំណេះដឹងគរុកោសល្យគ្រប់គ្រាន់ក្នុងការបន្តនិរន្តរភាពការបណ្ដុះបណ្ដាលភាសាចិន។

    ការគូសបញ្ជាក់បែបនេះ របស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ដែលរៀបចំដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។

    លោកបណ្ឌិត សុខ ទូច វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយទៅជាវិទ្យាស្ថានខុងជឺគម្រូមួយក្នុងចំណោមវិទ្យាស្ថានខុងជឺ នៅលើពិភពលោក ហើយដែលបានបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន និងបញ្ជ្រាបការស្វែងយល់អំពីវប្បធម៌ចិនកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា។

    លោកបណ្ឌិតបានបន្ថែមថា ជាមួយនឹងភាគជោគជ័យក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលគ្រូបងៀនភាសាចិនជាជនជាតិជាច្រើនដើម្បីផ្ដល់ចំណេះដឹងភាសាចិនច្បាស់លាស់ដល់សិក្ខាកាមដែលបានចូលសិក្សានៅវិទ្យាស្ថាននេះ និងនៅតាមសាខាវិទ្យាស្ថាននៅតាមសាកលវិទ្យាល័យ ស្ថាប័ន និងបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានខុងជឺបានជួបប្រទះនឹងបញ្ហាកង្វះខាតគ្រូបង្រៀនភាសាចិនផ្ទាល់ក្នុងពេលកន្លងមក ដោយសិស្សត្រូវសិក្សាតាមអនឡាញ(online) ដែលពុំសូវមានប្រសិទ្ធភាពខ្ពស់ដូចការរៀននិងបង្រៀននៅក្នុងថ្នាក់ឡើយ។

    ទោះជាយ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចឱ្យរៀបចំវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិនកម្រិតខ្ពស់ ប្រកបដោយចំណេះដឹងគរុកោសល្យ ដើម្បីចូលរួមចំណែកពង្រឹងការបណ្ដុះបណ្ដាលភាសាចិននៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលភាសាចិនបានក្លាយទៅជាភាសាដ៏សំខាន់មួយនៅក្នុងការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និងការ​បំពេញការងារផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកនៃសាកលភាវូបនីយកម្ម។

    បន្ថែមពីនេះ លោកបណ្ឌិត បានបញ្ជាក់ថា ដោយសារកម្ពុជា និងចិន គឺជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ការសិក្សាអំពីភាសា វប្បធម៌ និងប្រវត្តិសាស្ត្រអំពីគ្នាទៅវិញទៅមក គឺជាចំណុចចម្បងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការស្វែងយល់ពីគ្នាទៅវិញទៅមក ការតភ្ជាប់និងផ្លាស់ប្ដូររវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

    លោកបណ្ឌិត សុខ ទូច បានសង្កត់ធ្ងន់ថា នៅក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងចិនរាប់ពាន់ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរពុំធ្លាប់មានការបើកបណ្ដុះបណ្ដាលថ្នាក់គរុកោសល្យភាសាចិននៅឡើយ ហើយបទពិសោធនាពេលកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពី ភាពចាំបាច់នៅក្នុងការបន្តនិរន្តរភាពបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន ដើម្បីរួមចំណែកជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

    លោកបណ្ឌិត ក៏បានបង្ហាញថាតាមរយៈចក្ខុវិស័យនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងសម្រេចនូវគោលដៅកសាងធនធានមនុស្សនៅក្នុងការបណ្ដុះបណ្ដាលភាសាចិននេះ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: