ឡេលាបខ្លួន BLACK SHEEP ក្លែងក្លាយ កែច្នៃបន្លំពីប្រភពដើមនៅបរទេស ជាង៦តោន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល
(ភ្នំពេញ)៖ ឡេលាបខ្លួនម៉ាក BLACK SHEEP ក្លែងក្លាយ កែច្នៃវិចខ្ចប់នៅក្នុងស្រុក បន្លំប្រភពដើមដែលមានរោងចក្រនៅប្រទេសថៃ ប្រមាណជាង៦តោន ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅទីតាំងផ្ទះល្វែង ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រតិបត្តិការនេះ ធ្វើឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងមានការសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនេះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ (គ.ប.ផ.ក.) បានរកឃើញផលិតផលគ្រឿងសម្អាងជាច្រើនតោន រួមមាន៖
*ទី១៖ លួចផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាង (ឡេ) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ គ្មានបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល
*ទី២៖ លួចក្លែងបន្លំប្រភព នៃការផលិតឡេម៉ាក BLACK SHEEP BODY LOTION ជាផលិតផលរបស់ប្រទេសថៃ ដែលលួចផលិត ដោយយកវត្ថុធាតុដើមដូចជា ផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ មកលាយផ្សំបញ្ចូលគ្នា ដើម្បីផលិតកែច្នៃគុណភាពផលិតផលគ្រឿងសម្អាង(ឡេ) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ ដែលខុសពីផលិតផលពិត (ទំនិញសុទ្ធ) ម៉ាក BLACK_SHEEP BODY LOTION (ឡេ) ដែលបានផលិតនៅប្រទេសថៃ
*ទី៣៖ លួចប្រើប្រាស់បុគ្គលិកចំនួន២៣នាក់ ដែលក្នុងចំណោមបុគ្គលិកទាំងនោះ មានបុគ្គលិក មួយចំនួនជាអនីតិជនមិនទាន់គ្រប់អាយុ ក្នុងការបម្រើការងារដែលខុសនឹងច្បាប់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ដោយមានគោលការណ៍ដឹកនាំពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បន្តអនុវត្តការងារឲ្យមានប្រសិទ្ធិខ្ពស់ ដូចមានខាងក្រោម៖
*ទី១៖ អនុវត្តប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ដែលមានគណៈកម្មាធិការ (គ.ប.ផ.ក.) ជាសេនាធិការ ជូនក្រសួងមហាផ្ទៃ
*ទី២៖ ស្រាវជ្រាវ ស៊ើបអង្កេតទីតាំង និងជនប្រព្រឹត្តបទល្មើសផលិតផលក្លែងក្លាយ-ខុសច្បាប់ ក្នុងប្រទេសកម្ពុជា
*ទី៣៖ សហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីចុះផ្សព្វផ្សាយអប់រំ ណែនាំអំពីសុវត្ថិភាព នៃផលិតផលវេជ្ជសាស្ត្រ ឱសថសាស្ត្រ អាហារបំប៉ន និងគ្រឿងសម្អាង
*ទី៤៖ បន្តធ្វើសកម្មភាព និងប្រតិបត្តិការ ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយឃើញថា ទីតាំងប្រព្រឹត្តខុសច្បាប់នេះ មិនអនុលោមតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអាជ្ញាសម្រេចឲ្យបិទទីតាំង ដោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
គណៈកម្មាធិការ (គ.ប.ផ.ក.) សូមអំពាវនាវដល់សាធារណៈជនទាំងអស់មេត្តាប្រុងប្រយ័ត្ន និងបញ្ឈប់រាល់ការទិញផលិតផលឡែក្លែងក្លាយម៉ាក BLACK SHEEP BODY LOTION
ពីបណ្តាញសង្គមហ្វេសប៊ុក (Facebook) ទាំងនេះ៖ Facebook Account៖ Bella, Facebook Page៖ ប្រេនBlack Sheep (Ceo Bella) និង Facebook Page លេចៀម Black Sheep បានផ្សព្វផ្សាយ និងលក់ចែកចាយផលិតផលម៉ាកក្លែងក្លាយខាងលើ ដែលអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់។
គណៈកម្មាធិការ បានកត់សម្គាល់ថា មានជនខិលខូចមួយចំនួនបានកំពុងលួចផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងក្លែងក្លាយ ស្របពេលដែលអ្នកប្រើប្រាស់កំពុងមានតម្រូវការប្រើប្រាស់ច្រើន ជាហានិភ័យងាយរងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ គណៈកម្មាធិការនឹងបន្តតាមដានស្រាវជ្រាវលើកិច្ចការងារនេះបន្ថែមទៀត ដើម្បីនាំជនល្មើលពាក់ព័ន្ធឲ្យទទួលខុសត្រូវតាមច្បាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews













