Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ចុងខែធ្នូ មានភ្ញៀវទេសចរចេញដើរកម្សាន្តជិត៤៤ម៉ឺននាក់

    BY Khmerpress December 27, 2022
    រដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ចុងខែធ្នូ មានភ្ញៀវទេសចរចេញដើរកម្សាន្តជិត៤៤ម៉ឺននាក់

    (ភ្នំពេញ)៖ លោក ថោង ខុ​ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវបរទេសមាន៣៦,៦៩៩នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    * ខេត្តព្រះសីហនុ ១៩០,០១៥នាក់
    * ខេត្តសៀមរាប ៧៦,០២២នាក់
    * រាជធានីភ្នំពេញ ៣២,១៧៥នាក់
    * ខេត្តកំពត ២៧,៦៨១នាក់
    * ខេត្តបាត់ដំបង ១៩,៩៧០នាក់
    * ខេត្តកំពង់ចាម ១៤,១៦១នាក់
    * ខេត្តកែប ១០,៨៧៨នាក់។

    លោកលើកឡើងថា ក្រៅពីភ្ញៀវទេសចរដែលបានដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាខាងលើ ប្រជាពលរដ្ឋក៏បានប្រមូលផ្តុំគ្នាច្រើននៅតាមផ្សារទំនើបនានា ដែលមានការតុបតែងលម្អបុណ្យគ្រីសស្មាស់ ហើយកន្លែងខ្លះក៏មានការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តនានាផងដែរ។

    លោករដ្ឋមន្ត្រីបានបន្តថា វិស័យឯកជនបន្តមានសុទិដ្ឋិនិយមសម្រាប់ចរន្តភ្ញៀវទេសចរនាចុងឆ្នាំ២០២២នេះ ពិសេសការត្រៀមទទួលភ្ញៀវទេសចរសម្រាប់ពិធីបុណ្យឆ្លងឆ្នាំសាកល (Countdown) នៅចុងសប្តាហ៍នេះ។

    រដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងរៀបចំតុបតែងលម្អក្នុងមូលដ្ឋានរបស់ខ្លួន រួមជាមួយការរៀបចំកម្សាន្តសប្បាយនានា ដូចជាការប្រគុំតន្រី និងការបាញ់កាំជ្រួចអបអរសាទរជាដើម។

    ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរពង្រឹងគុណភាពផលិតផលទេសចរណ៍ និងការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាឱកាសពិធីបុណ្យឆ្លងឆ្នាំសាកលនេះផងដែរ។

    សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២នេះ យើងទទួលបានភ្ញៀវទេសចរជាតិចំនួនប្រមាណ១១.៦៤លាននាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១.៩១លាននាក់។

    តាមការព្យាករណ៍ សម្រាប់ពេញមួយឆ្នាំ២០២២នេះ យើងអាចនឹងទទួលបានភ្ញៀវទេសចរជាតិសរុបប្រមាណ១២.៥-១៣លាននាក់ លើសពីផែនការដែលបានកំណត់ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ប្រមាណ​២.២លាននាក់ ក្នុងឆ្នាំ២០២២នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: