ភាគីចិន ផ្តល់ជំនួយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានដូស ដល់កម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ពិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានដូស ដែលជាអំណោយរបស់ក្រសួងកសិកម្មនិងកិច្ចការជនបទចិន ជូនចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលមាននៅក្នុងកសិកម្មកម្ពុជាត្រូវបានអនុវត្តទាំងស្រុងនិងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងនោះមានដូចជាកសិផល ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ក្រោមការអញ្ជើញចូលរួមជាសក្ខីភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន Li Keqiang ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើអនុស្សាណៈយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវៈបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ, កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយដល់កម្ពុជាជាវ៉ាក់សាំងការពារជំងឺសត្វ និងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យកសិកម្ម។
ដើម្បីអនុវត្តសមិទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ ក្រសួងកសិកម្មនិងកិច្ចការជនបទចិនបានផ្តល់ជំនួយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានដូស ជឿជាក់ថាវ៉ាក់សាំងទាំងនេះនឹងដើរតួនាទីជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា«ឆ្នាំមិត្តភាពចិន-កម្ពុជា» ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្រ្តនៃថ្នាក់ដឹកនាំទាំងពីរប្រទេស ក្រោមការជំរុញយ៉ាងសកម្មនៃស្ថាប័នវិស័យកសិកម្មនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យកសិកម្មនៃប្រទេសទាំងពីរនឹងឈានដល់កម្រិតថ្មីមួយទៀត!
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលតែងផ្តល់ការគាំទ្រដ៏មានកម្លាំងសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ។ វ៉ាក់សាំងជំងឺបុសក្បាលគោក្របីសរុប៥០ម៉ឺនដូស និងវ៉ាក់សាំងជំងឺអ៊ុតក្តាម៣ប្រភេទសម្រាប់គោក្របីចំនួន៥០ម៉ឺនដូស ដែលផ្តល់ដោយក្រសួងកសិកម្មនិងកិច្ចការជនបទចិន គឺជាអំណោយលើកទី២បន្ទាប់ពីក្រសួងកសិកម្មនិងកិច្ចការជនបទចិនបានផ្តល់វ៉ាក់សាំងការពារជំងឺសត្វចំនួន២០ម៉ឺនដូសដល់កម្ពុជាកាលពីចុងឆ្នាំ២០១៩ ទាំងនេះនឹងជួយជំរុញការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា លើកកម្ពស់គុណភាពផលិតកម្មសត្វ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នឹងខិតខំកិច្ចការនាំចេញកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ជំរុញការអភិវឌ្ឍន៍ដែលមានប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជកម្មកសិកម្មរវាងកម្ពុជា-ចិន ផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនទាំងពីរប្រទេស៕ ប្រភព៖ Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆

